អ្នកប្រើប្រាស់បណ្តាញសង្គមថៃជាច្រើន បានធ្វើការថ្កោលទោសបុរសថៃម្នាក់យ៉ាងខ្លាំងក្លា ក្នុងករណីយកដបវាយក្បាលស្ត្រីទេសចរ
បរទេសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃអាទិត្យ ក្នុងអំឡុងពេលនៃពិធីបុណ្យមាឃបូជា នៅលើកោះ Pha-ngan ខេត្ត Surat Thani ។
វីដេអូឃ្លីបនៃហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានថត និងបង្ហោះកាលពីថ្ងៃចន្ទ ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលអាខោនរបស់នាងមានឈ្មោះថា Natthicha Yachana ។ ឃ្លីបនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយប្រតិកម្មជាង ៨,៨០០ និងចែករំលែកប្រហែល ១២,០០០ ដង ។
Natthicha និយាយថា ហេតុការណ៍នេះបានកើតឡើងនៅមុខហាងឱសថស្ថានមួយ នៅក្បែរឆ្នេរ Haad Rin ទីកន្លែងដែលពិធីជប់លេង អបអរបុណ្យមាឃបូជា ត្រូវបានធ្វើឡើង ។
នាងបន្តថា ស្ត្រីបរទេសម្នាក់ និងមិត្តៗភក្តិរបស់នាង បានកំពុងញ៉ាំអាហារ និងអង្គុយនៅមុខហាង នៅពេលនោះ ស្រាប់តែបុរសម្នាក់ចេញពីក្នុងហាង បានប្រាប់ពួកគេឲ្យចាកចេញ ជាហេតុនាំឲ្យកើតមានជម្លោះ និងប្រវាយប្រតប់គ្នា ។ នាងបន្ថែមថា ហេតុការណ៍បន្ទាប់មក បុរសម្នាក់ទៀត ត្រូវបានឃើញស្ទុះចូលមកវាយក្បាលស្ត្រីទេសចរណ៍នោះ នឹងដបមួយ ដើម្បីជួយបុរសទី១ ។
អ្នកប្រើហ្វេសប៊ុកជាច្រើនបាននិយាយថា ហេតុការណ៍បានធ្វើឱ្យថៃ ក្លាយជាប្រទេសមានឈ្មោះអាក្រក់ ហើយថាអ្នកវាយប្រហារ គឺជាមនុស្សប្រុសដែលមិនគួរណាប្រើអំពើហិង្សាមកលើស្ត្រីទន់ខ្សោយយ៉ាងបែបនេះឡើយ ។
ពួកគេនិយាយថា ហេតុការណ៍នេះ ពិតជាបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេស ។
តាមរបាយការណ៍បានឱ្យដឹងថា ប៉ូលីស Phangan បានកោះហៅបុរសថៃ២នាក់នោះ មកសាកសួរ ។ ប៉ុន្តែ ពុំទាន់ឃើញការចោទប្រកាន់មួយណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ ៕ ចន្ទី (The Nation, taibann)