ភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍ចោរឆក់កាបូប បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែបើកម៉ូតូដេញតាមក្រុមចោរឆក់ ដែលបានឆក់កាបូបប្រពន្ធរបស់ខ្លួន តែមិនដឹងថាមានអ្នកបិទគូទនៅពីក្រោយ ស្រាប់តែចោរដែលបិទគូទនោះ បានជិះមកធាក់គាត់ឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង ហើយហេតុការណ៍នេះផងដែរ ត្រូវបានលោកផៃ ស៊ីផាន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់សារព័ត៌មានមួយថា សមត្ថកិច្ច ហើយនិងតុលាការ គួរតែមានវិធានការ និងធ្វើឲ្យមានប្រសិទ្ធភាព ដើម្បីបង្រាបក្រុមចោរឆក់នៅលើដងវិថី ដែលនេះគឺជាបញ្ហាដ៏រាំរ៉ៃ នៅក្នុងរាជធានីភ្នំពេញ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច នៅពេលធ្វើដំណើរនៅលើដងផ្លូវ។
លោក ផៃ ស៊ីផាន បានថ្លែងថា មិនគួរបណ្តែតបណ្តោយលើបញ្ហានេះទៀតនោះទេ។ លោក ផៃ ស៊ីផាន បានលើកឡើងនៅតាមបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះ “សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានប្រសិទ្ធិភាពណាមួយ បង្ក្រាបបទឧក្រិដ្ធនេះ។ មិនគួរបណ្តោយទេ”។
ប៉ុន្តែទោះយ៉ាងណា លោកឧកញ៉ាឌូង ឆាយ បានសរសេរលើផេករបស់លោកថា “លោកពូអើយ! តុលាការកំពុងរវល់ដាក់ទោស និងទាមទារសំណងជំងឺចិត្ត ពីនារីចិន បើកឡានបុកលោកបងចោរស្លាប់ថ្ងៃមុន ( មិនត្រូវប្រើពាក្យងាប់ ពីព្រោះលោកចៅក្រមដល់ខ្ពង់ខ្ពស់ ឲ្យតម្លៃចោរណាស់ )”៕ ដោយ ៖ រចនា