តាកែវ៖ សម្ភារៈការិយាល័យជាច្រើនប្រភេទរួមមាន កុំព្យួរទ័រ Laptop ចំនួន១៦៨គ្រឿង កុំព្យួរទ័រលើតុ Desktop ចំនួន២០គ្រឿង ដុំ wifi ២០គ្រឿង និងម៉ាស៊ីន Scanner ១៥គ្រឿង ត្រូវបានឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតនៃសាធារណៈប្រជាមានិតចិន យកមកប្រគល់ដល់សាលាស្រុកគីរីវង់ ខេត្តតាកែវ សម្រាប់បម្រើឲ្យវិស័យនានាក្នុងសាលាស្រុកផ្ទាល់។ ពិធីប្រគល់នូវសម្ភារៈនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាស្រុកគីរីវង់ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពីធីប្រគល់ និងទទួលសម្ភារៈពីលោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
មានប្រសាសន៍នៅក្នុងពិធីប្រគល់នូវសម្ភារៈការិយាល័យនេះដែរ លោក ស្យុង ប៉ បានឲ្យដឹងថា តាមរយៈការផ្តល់ជំនួយជាសម្ភារៈការិយាល័យនេះ វានឹងផ្តល់ជាប្រយោជន៍យ៉ាងច្រើន ដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺយុវជនកម្ពុជា សម្រាប់ទុកបណ្តុះបណ្តាលឲ្យមានចំណេះដឹងសម្រាប់បម្រើសង្គមជាតិឲ្យមានការរីកចម្រើនទៅមុខ។
ឯកអគ្គរដ្ឋទូតចិន បន្តទៀតថា សាធារណៈរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយទំនាក់ទំនងរវាងចិននិងកម្ពុជាមានរាប់ពាន់ឆ្នាំមកហើយ ដូច្នោះចិនគឺជាមិត្តភ័ក្តដែលកម្ពុជាអាចទុកចិត្តបាន ដែលគ្មានថ្ងៃប្រែប្រួលបានជាដាច់ខាត ហើយតាំងពីដើមរហូតដល់បច្ចុប្បន្ន ថ្នាក់ដឹកនាំយើងទាំងពីរ តែងតែផ្សារភ្ជាប់ទំនាក់ទំនងនេះ បានល្អប្រសើរដូចជាបងប្អូននឹងគ្នា ហើយទំនាក់ទំនងដ៍ល្អនេះ វានឹងនៅជាស្ថិតស្ថេរ និងជាអមតៈ ។
លោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានសម្តែងនូវការស្វាគមន៏នូវការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសចិននិងកម្ពុជាបាននាំនូវផលវិជ្ជមានមួយចំនួនសម្រាប់កម្ពុជាដូចជាកំណើនភ្ញៀវទេសចរណ៏ចិនមានការកើនឡើង អ្នកវិនិយោគទុនចិនបានមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង។ ស្ថានភាពដ៏ល្អនេះបានធ្វើអោយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចមានការកើនឡើងជារៀងរាល់ឆ្នាំ។
លោក សុខ សូកាន បានមានប្រសាសន៏បន្តថា កន្លងមកសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាចិនគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់កម្ពុជា ព្រោះចិនជាមិត្តភក្តិ ដែលមានការយល់ចឹត្តនិងដឹងពីសុខទុក្ខរបស់កម្ពុជា ហើយចិនមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជានោះទេ។ ប្រទេសចិនតែងតែជួយកម្ពុជាលើកិច្ចការអភិវឌ្ឍន៍ និងបានឈរនៅជាមួយកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ ដើម្បីបន្តភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា៕ តាកែវ