Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិខិត​មិត្ត​អ្នកអាន ៖ យល់​ញាតិ​ឃ្លាត​ច្បាប់ យល់​ច្បាប់​បាត់​ញាតិ​

ពាក្យចាស់​បុរាណ​តែង​ពោលថា បង្កើតកូន​បាន​តែ​រូបរាងកាយ តែ​ពុំ​អាច​តាក់តែង​ចរិក​មាយាទ​បានទេ​។ រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ថ្ងៃ​ម្សិលមិញ ជុំវិញ​ករណី​ដែល​លោក​ផ្កាយ​២​ម្នាក់ ជា​កូនប្រសារ​របស់​លោក ហ៊ុន សាន បងប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា (​សម្តេច​អគ្គមហាសេនាធិបតី តេ​ជោ ហ៊ុន សែន​) ពិតជា​រឿង​មួយ​ដែល​ស្ថិត​ក្នុង​ចំណងជើង​ខាងលើ​។ សំណេរ​ដ៏​ជូរចត់​របស់​ប្អូនប្រុស​ម្នាក់ នៃ​ឪពុកក្មេក​របស់​ជនល្មើស ហើយក៏​ជា​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​មួយ ធ្វើឲ្យ​យើង​រំជួលចិត្ត​យ៉ាងខ្លាំង ៖”​ខ្ញុំ​បញ្ជា​ឲ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្ត​កណ្តាល ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជា​បន្ទាន់​។ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឲ្យខាងតែបាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូរបន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬក៏​ក្មួយ​ប្រសារ​របស់​ខ្ញុំ​ក៏​ដោយ​”​។​

​ពិត​ណាស់​នេះ​ជា​សេចក្តីសម្រេចចិត្ត​មួយ​ពោរពេញ​ដោយ​ការឈឺចាប់ ប៉ុន្តែ​វា​ពុំ​អាច​មាន​ជម្រើស​ផ្សេង​សម្រាប់​មេដឹកនាំ​ប្រទេស​មួយ​ឡើយ​។ ខ្លះ​គេ​ថា ជនល្មើស​ថៃ ផានី ដែល​ពាក់​ផ្កាយ ២ នៅ​ក្រសួង​ការពារជាតិ​គឺជា​អណិកជន​ធ្លាប់​មាន​ភរិយា និង​កូន​នៅ​ប្រទេស​អូស្ត្រាលី ហើយក៏​បាន​ដឹង​ទៀត​ថា ជននេះ ធ្លាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ផងដែរ​។​

​អនិច្ចា​បុរស​ជា​ឪពុក ដែល​មាន​ភាពចំណាស់​ភ្លេច​ភ្លាំង ក្រោយ​ភរិយា​ទទួលមរណៈភាព​ទៅ និង​ជា​សាច់ញាតិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជាទី​គោរព​ផង​នោះ ត្រូវបាន​កូនចៅ​ប្រើប្រាស់​ឥទ្ធិពល​របស់​លោក​ដើម្បី​ការពារ​ដល់​មុខរបរ​រកស៊ី ទោះបី​ដឹងថា វា​ពុំ​មែន​ជា​អាជីព​ស្របច្បាប់​មួយ​ក៏ដោយ​។​

​ម្យ៉ាងទៀត ហេតុការណ៍​នេះ​តិច ឬ​ច្រើន​ត្រូវបាន​បិទបាំង​រហូតទល់​ពេលបច្ចុប្បន្ន​នេះ ពុំមែន​ជា​រឿង​ធម្មតា​ឡើយ ព្រោះ​នៅ​ជុំវិញ​សង្វៀន​ដ៏​ធំ​ចំនួន ២​កន្លែង ស្ថិតក្នុង​ខេត្ត​កណ្តាល ត្រូវ​បាន​បង្ក្រាប​ដោយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កាលពី​ថ្ងៃ​ទី ០៤ ខែវិច្ឆិកា ត្រូវបាន​ផ្សព្វផ្សាយ ពេញ​បណ្តាញ​សង្គម​ក៏ដូចជា​ប្រព័ន្ធ​ព័ត៌មាន​ក្តី ប៉ុន្តែ​រឿងហេតុ​ពុំ​បាន​បញ្ចប់​ត្រឹមនេះ​ទេ​។​

​ពិតជា​ឈឺចាប់​ណាស់​! ដែល​ស្រប​ពេល​ដែល​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ ត្រូវជា​កូនប្រសារ​របស់​បងប្រុស​បង្កើត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​នោះ​លើ​បណ្តាញ​សង្គម គេ​បាន​ឃើញ​ការចែករំលែក​តៗ​គ្នា​នូវ​តារាង​បែងចែក​លាភសក្ការៈ​ដល់​អាជ្ញាធរ​មូលដ្ឋាន​។​

​ជា​មនុស្ស​ម្នាក់​ដែល​ពេញវ័យ​អំឡុងពេល​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ខ្ញុំ​បាន​យល់​នឹង​ដឹង​នូវ​អ្វីៗ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ជំនាន់​នោះ​ក៏ដូចជា​បច្ចុប្បន្នភាពរ​បស់​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​។ សម្តេច​ហ៊ុន សែន មេដឹកនាំ​ដ៏​ចាំបាច់​មិនអាច​គ្មាន​បាន​ក្នុង​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​ពិតជា​ពិបាក​រំលែក​ឲ្យបាន​ដាច់ស្រឡះ​រវាង​រឿង​គ្រួសារ និង​បញ្ហា​ប្រទេសជាតិ “​ប្រទេស​មាន​ច្បាប់ គ្រួសារ​មាន​វិន័យ​” តើ​លោក​ត្រូវ​ញែក​បេះដូង ដោះស្រាយ​យ៉ាង​ណា​ទៅ​។ ពិតណាស់​! សម្តេច​ប្រាកដជា​យក​ច្បាប់​ប្រទេស​ជាធំ ប៉ុន្តែ​ទោះ​យ៉ាងណា​ពុំ​អាច​ចៀសផុត​ពី​អារម្មណ៍​ឈឺចាប់​ព្រោះតែ​ទង្វើ​របស់​កូនក្មួយ ដែល​គ្មាន​ការទទួលខុសត្រូវ​។​

​ពុំ​ខុស​ទេ ដែល​មនុស្ស​ខ្លះ​លើកឡើងថា “​តើ​បុគ្គល ថៃ ផានី វា​ចូលមកក្នុង​ត្រកូល​ហ៊ុន សម្រាប់​បំផ្លាញ​ត្រកូល​មួយ​នេះ​ឬ​យ៉ាងណា​”?។​

“​មាន​តក់ មាន​នាល​” ជា​រឿង​ធម្មតា បញ្ហា​ស្ថិត​ត្រង់​ថា ក្រៅ​ពី​រឿង ដ៏​សែន​ឈឺចាប់​មួយ​នេះ របស់​គ្រួសារ​ត្រកូល​ហ៊ុន វា​នៅ​មាន​ការឲ្យ​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​ភ្នែក​ជា​ច្រមុះ​របស់​ប្រមុខ​រដ្ឋាភិបាល​ដែរឬទេ​?​។​

​ជា​អត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​ជូន​គេហទំព័រ CEN.COM.KH ដើម្បី​បញ្ចេញ​អារម្មណ៍​ផ្ទាល់​របស់​ខ្លួន​ខ្ញុំ ហេតុនេះ​មេត្តា​ប្រិយមិត្ត​អ្នកអាន បើ​រិះគន់​ក៏​រិះគន់​ចុះ មេត្តា​កុំ​ចាប់យក​ជា​ចំណាប់ខ្មាំង​ដើម្បី​វាយប្រហារ (​បម្រើ​ឲ្យ​នយោបាយ​) ឲ្យសោះ ព្រោះ​យ៉ាងណា​ខ្ញុំ​កំពុង​និយាយ​ពី​រឿង​ឯកជន​របស់​ក្រុម​គ្រួសារ​មួយ​៕ ពី​មិត្ត​អ្នកអាន​ម្នាក់​

 

 

 

×