លោក បណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំ សមាជិក សមាជិកាគណៈកម្មការប្រជុំពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នៅថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ នេះជាកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ មុននឹងមានកិច្ចប្រជុំដើម្បីពិនិត្យសិក្សាលើអត្ថបទសេចក្តីព្រាងច្បាប់នេះ ជាមួយតំណាងរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ។
សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។ លោក បណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សន្ធិសញ្ញានេះមានគោលបំណងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការ គ្រប់គ្រងបទល្មើសឲ្យមានប្រសិទ្ធភាពរវាងគូភាគី ជាពិសេសអត្ថប្រយោជន៍ដើម្បីជំរុញកិច្ច សហប្រតិបត្តិការដ៏មានប្រសិទ្ធិភាព រវាងប្រទេសទាំងពីរ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទាំងសងខាង។
លោក បណ្ឌិត ប៉ែន បញ្ញា បានលើកឡើងបន្តថា សន្ធិសញ្ញាបត្យាប័ននេះបានកំណត់ឲ្យភាគីនីមួយៗ មានភារកិច្ចធ្វើបត្យាប័នទៅភាគីម្ខាងទៀតនូវជនទាំងឡាយណាដែលត្រូវបានរកឃើញនៅលើទឹកដីនៃភាគីណាមួយ ហើយកំពុងត្រូវគេតាមចាប់ខ្លួនដើម្បីធ្វើការ ចោទប្រកាន់ ធ្វើការជំនុំជម្រះក្តីឬអនុវត្តទណ្ឌកម្មតាមទោសកំណត់ នៅលើទឹកដីរបស់ភាគីម្ខាងទៀតចំពោះបទល្មើសណាមួយ។ដូចនេះសម្រាប់ក្របខ័ណ្ឌច្បាប់ ដើម្បីស្វែងរកនូវ ឧក្រិដ្ឋជន ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិក្នុងវិស័យព្រហ្មទណ្ឌ តាមរយៈជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ ការធ្វើបត្យាប័ន និងការផ្ទេរទណ្ឌិត។
បើតាម លោក បណ្ឌិត ប៉ែន បញ្ញា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សន្ធិសញ្ញាស្តីពីបត្យាប័នបែបនេះមានចំនួន៧ប្រទេសរួចមកហើយ មានជាមួយ ប្រទេសថៃ នៅឆ្នាំ១៩៩៩ ជាមួយប្រទេសចិននៅឆ្នាំ២០០០ ជាមួយប្រទេសឡាវឆ្នាំ២០០៥ ជាមួយប្រទេសឥណ្ឌាឆ្នាំ២០០៩ ជាមួយសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១០ ជាមួយប្រទេសវៀតណាមឆ្នាំ២០១៤ ហើយនៅពេលនេះជាមួយប្រទេសរុស្ស៊ីនេះ។
លោក បណ្ឌិត ប៉ែន បញ្ញា បានស្នើដល់សមាជិកគណៈកម្មការទាំងអស់ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីនេះឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ៕ ដោយ ៖ បញ្ញាស័ក្តិ