Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ស្នើ​ដល់​សមាជិក​សភា ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ឲ្យបាន​ហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយ​

​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ស្នើ​ដល់​សមាជិក​សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា ត្រូវ​ពិនិត្យ សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​នេះ ឲ្យបាន​ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ ជា​ពិសេស ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​វិភាជន៍​ថវិកា ពិតជា​ឆ្លើយតប​ទៅ​នឹង​វិស័យ​ជា​អាទិភាព​របស់​ជាតិ ដែល​ជា​ចលករ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ។​

​ការស្នើសុំ​របស់​សម្តេច​ប្រធានរដ្ឋសភា បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​សិក្ខាសាលា​ឈ្វេងយល់​អំពី “​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​រៀបចំ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩” ដែល​រៀបចំ​ធ្វើ​នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​សិក្ខាសាលា​នេះ​បាន​ផ្តួចផ្តើម រៀបចំឡើង​ដោយ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដោយ​មាន​ការចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋ​សភា ព្រឹទ្ធសភា តំណាង​រាជរដ្ឋាភិបាល អង្គការ ស្ថាប័ន​ជាតិ អន្តរជាតិ ដែល​ពាក់ព័ន្ធ​ជាច្រើន ក្នុង​ការផ្លាស់ប្តូរ​នូវ​ព័ត៌មាន និង​ធាតុ​ចូល​បន្ថែមទៀត សម្រាប់​យក​មក​សិក្សា វិភាគ និង​វាយតម្លៃ លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ ការគ្រប់គ្រង​ឆ្នាំ​២០១៩ មុន​នឹង​ដាក់​ជូន​រដ្ឋ​សភា​ពិភាក្សា និង​អនុម័ត​នាពេល​ខាងមុខ​នេះ​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ដែរ​ថា ថវិកា​ឆ្នាំ​២០១៩ នឹង​ដើរតួនាទី​ជា​ឧបករណ៍​គោលនយោបាយ ដ៏​មាន​សារសំខាន់ ដើម្បី​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត​នូវ “​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣” និង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤” ដើម្បី​បន្ត​រក្សា​ស្ថិរភាព នយោបាយ បន្ត​ពង្រឹង​និង​ពង្រីក​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ បន្ត​រក្សាបាន​នូវ​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង​ធានាបាន នូវ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ឈាន​ទៅ​សម្រេច​ឲ្យបាន នូវ​គោលនយោបាយ​គ្រឹះ គឺ​ការធានា​ឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច ដោយ​ចីរភាព​ក្នុង​រយៈពេល​វែង មាន​អត្រា​ខ្ពស់​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ នៅលើ​មូលដ្ឋាន​ទូលាយ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ជា​ង​មុន​។​

​ចំណែក​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា ការ​កសាង​សេចក្តីព្រាងច្បាប់​ហរិញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ទុកចិត្ត ដ៏​ច្រើន​លើស​លប់ របស់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល មកពី​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលដៅ​គាំទ្រ ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការអនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្តែង​នានា ដែល​នឹង​ត្រូវ​ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ទី​១​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ឱ្យ​សម្រេចបាន​នូវ​លទ្ធផល​ផ្លែផ្កា ជា​អតិបរមា​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើង​ថា ថវិកាជាតិ​ឆ្នាំ​២០១៩ ត្រូវ​បាន​គិតគូរ ដោះស្រាយ និង​ត្រូវបាន​វិភាជន៍​សម្រាប់​វិស័យ​អាទិភាព នៃ​គោលនយោបាយ​ជាតិ​សំខាន់ៗ​ជា​សារ​វ័ន្ត​។ “​យើង​ចាត់ទុក​ថា ថវិកាជាតិ​ឆ្នាំ​២០១៩ នេះ ជា​ឧបករណ៍​នៃ​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តសិ​ទ្ធភាព ក្នុង​ការថែរក្សា​ការពារ និង​ពង្រឹង​ថែមទៀត​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​សម្រេច​បាន​កន្លងមក ក៏​ដូច​ជា​បន្ត​ចាក់​គ្រឹះ​រឹងមាំ សម្រាប់​បម្រើឲ្យ​ការអភិវឌ្ឍ​របស់​កម្ពុជា ត​ទៅ​មុខ​ទៀត​” នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច​ប្រធានរដ្ឋសភា​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏​បាន​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កើន​ការតាមដាន និង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ថវិកា ឲ្យបាន​ត្រឹមត្រូវ​និង​ហ្មត់ចត់ ដើម្បី​ធានា នូវ​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​ច្បាប់​។​

នៅក្នុង​ឱកាស​នោះ​សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​ថ្លែង​ការកោតសរសើរ និង​អបអរសាទរ​ចំពោះ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​ដោយ​ជោគជ័យ ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លងមក ដោយ​រក្សាបាន​នូវ​សុខ​សន្តិភាព​ស្ថេរភាព​នយោបាយ និង​ការឯកភាព​ជាតិ សម្រេចបាន​នូវ​សូចនាករ​សង្គម​សំខាន់ៗ ដូចជា វិស័យ​អប់រំ សុខាភិបាល សម្រេចបាន​លទ្ធផល​ល្អ ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់​ជា​មធ្យម​ក្នុង​រង្វង់ ៧​ភាគរយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ក្រោម ១០​ភាគរយ ដែល​ជា​មធ្យម ជាង ១ ភាគរយ ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​បាន​កសាង និង​ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ប្រទេស​ក្រីក្រ មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ទៅ​កា្លយ​ជាប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ខាងមុខ​៕​ ​ដោយ ​៖ ​កូឡាប​

×