ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការ គ្រប់គ្រងធនធានខ្សាច់ គឺពិតជាមានសារៈសំខាន់ណាស់ ហើយដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តភាព និងបរិយាបន្ន ព្រមទាំងដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី ទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំលើកដំបូងនៅថ្ងៃនេះគឺដើម្បី ទី១)ប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ទី២)ពិភាក្សាលើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់ និង ទី៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី