ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ ក៏នូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ ដែលមាននៅកម្ពុជា ហើយបន្ដជំនឿទុកចិត្ត សម្រាប់ការបោះឆ្នោត និងលទ្ធផលបោះឆ្នោត នាពេលកន្លងទៅ។ បដិវត្តន៍ពណ៌ គឺជាសត្រូវដាច់ខាតរបស់នយោបាយ ឈ្នះ-ឈ្នះ តាំងពីដើម។
គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ដែលមាននៅកម្ពុជា។
នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃអង្គារ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាក្រោមប្រធានបទ ស្តីពីចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ “ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍” ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងពីការវិវត្តន៍ នៃដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ឈានឈ្ពោះទៅការប្រារព្ធពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងការប្រារព្ធអបអរសាទរខួបលើកទី២០ នៃទិវាអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលក្រុមការងារគ្រប់ផ្នែកទាំងអស់ បានកំពុងតែមមាញឹកលើកិច្ចការតាមជំនាញរៀងៗខ្លួន។សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ថ្លែងទៅកាន់អង្គសិក្ខាសាលា សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ តាមរយៈសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ យើងទទួលបាននូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីភាពក្រីក្រមកជាប្រជាជនមានចំណូលមធ្យមកម្រិតទាប និងឈានដល់កម្រិតខ្ពស់។
សម្តេចពិជ័យសេនា បានបន្តថា ៖ នយោបាយឈ្នះ-ឈ្នះ កើតចេញមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលជាស្ថាបនិកឯក និងជាមគ្គុទ្ទេសក៍ឯក។
សម្តេចបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ គោលនយោបាយឈ្នះ-ឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ ដែលមាននៅកម្ពុជា ហើយបន្តជាមូលដ្ឋានជំនឿទុកចិត្តសម្រាប់បោះឆ្នោត ដែលបានលទ្ធផលជាវិជ្ជមានកន្លងទៅនេះផង។ ក្នុងន័យនេះ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់ថា៖ បដិវត្តន៍ពណ៌ គឺជាសត្រូវដាច់ខាតរបស់នយោបាយឈ្នះ-ឈ្នះ តាំងពីដើមមក។ សមិទ្ធផលដ៏ធំធេងទាំងអស់នេះ តើកើតចេញពីការដឹកនាំ និងចក្ខុវិស័យរបស់អ្នកណា? យើងទាំងអស់គ្នាដឹងច្បាស់លាស់ថា កើតចេញពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែម្តង។ ដូចនេះការកសាងវិមានឈ្នះ-ឈ្នះ និងការចូលរួមអបអរសាទររៀបចំពិធីបុណ្យខួបលើកទី២០ ទិវានយោបាយឈ្នះ-ឈ្នះ គឺជាមោទនភាពថ្មីមួយទៀតរបស់យើង ហើយក៏ជាកាតព្វកិច្ចមួយដែលបណ្តាស្ថាប័ន អង្គភាព ត្រូវតែបំពេញដែរ។ វិមាននេះនឹងក្លាយទៅជាអត្តសញ្ញាណ ដោយបង្កប់ និងបង្ហាញនូវដួងព្រលឹងជាតិ និងជានិមិត្តរូប ក្នុងការរួបរួមសាមគ្គី និងការអភិវឌ្ឍន៍ សម្រាប់ជាការសិក្សាស្រាវជ្រាវថែមទៀតនាពេលខាងមុខ ស្តីពីកិច្ចការទាំងអស់នេះ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺកើតមានស្នាដៃរបស់សម្ដេចតេជោ ដែលមានការអភិវឌ្ឍន៍ប្រទេស។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា គោនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ គឺជាគំរូសម្រាប់ស្វែងរក សន្ដិភាពក្នុងប្រទេសមានជម្លោះ៕ ដោយ ៖ រចនា