Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ អះអាងថា​នឹង​មិន​មាន​ការដោះលែង​លោក កឹម សុខា ដូច​ការលើក​ឡើង​របស់​លោក​សម រង្ស៊ី​នោះ​ទេ​

តាកែវ​ ៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​យ៉ាង​ដាច់ខាត​ថា ពុំ​មាន​ការដោះលែង​លោក​កឹម សុខា ​ដូច​ការលើក​ឡើង​​របស់​លោក​សម រង្ស៊ី ដែល​បាន​បញ្ជាក់​នៅក្នុង​ហ្វេ​សប៊ុក​ថា ​នឹង​មាន​ការដោះលែង ដោយសារ​មាន​សម្ពាធ ពី​បរទេស​នោះឡើយ។

​សម្តេច​តេជោ បានបញ្ជាក់​ថា​៖ “​ហ៊ុន សែន គ្មាន​សិទ្ធិ​នឹង​ចុះហត្ថលេខា​ថ្វាយ​ព្រះមហាក្សត្រ លើកលែង​ទោស​ឲ្យ​អ្នកណា​ទាំងអស់ នៅ​ពេល​អ្នក​ណា​ក៏​ដោយ ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ពិរុទ្ធជន ឬ​សារ​ដ៏​ខ្លី​មួយ​ថា​ចាំ​សេះ​ដុះ​ស្នែង​បាន​វា​កើត​”​។​

​នៅ​ចំពោះ​មុខ​កម្មករ​រាប់ពាន់នាក់ សម្តេច​តេជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា កុំ​ជឿ​អ្នក​ដែល​ឃោសនា​ថា កម្មករ​នឹង​អត់​ការងារ​ធ្វើ បើ​សហគម​អន្តរជាតិ​ដាក់​សម្ពាធ ហើយ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស និង​ប្រទេស មិន​ងាយ​នឹង​កាត់ផ្តាច់​នោះទេ​។​

​សម្តេច​តេជោ បាន​បន្តថា ម្យ៉ាងទៀត លោក កឹម សុខា មិនទាន់បាន​តុលាការ​កាត់ទោស​នោះឡើយ ដូចនេះ សម្តេច ពុំ​មាន​សិទ្ធិ ដើម្បី​ទូល​ស្នើសុំ​ព្រះរាជទាន លើកលែងទោស​នោះ​ទេ​។

​សម្តេច​តេជោ បាន​ថ្លែង​ដូចនេះ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ ​កម្មការិនី​ប្រមាណ​ជាង​២​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២០ នៅក្នុង​ខេត្ត​តាកែវ ​ដែល​ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា លោក សម រង្ស៊ី ពិត​ជា​ជន​ដែល​ពូកែ​ភូតភរ បោកប្រាស់​ចិញ្ចឹម​ឆ្នាំង​មែនពោល​​ គឺ​បោកប្រាស់​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក​និង​ក្រៅប្រទេស តាំងពី​ពេល​ដែល​លោក​បាន​ទៅ ចូលរួម​មហាសន្និបាត​អង្គការ​សហ​ប្រជា​​ជាតិ និង​នៅ​អឺរ៉ុប​ថែមទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ច្រាន​ចោល​ការលើក​ឡើង​របស់​ទណ្ឌិត សម រង្ស៊ី ដែលថា​នឹង​មាន​ការដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ហ្អែ​ង​ចាំមើលៗ ហើយ​អ្នកគាំទ្រ​អ្នកឯង​ចាំ​មើល​ទៅ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ប៉ុណ្ណឹង​ទេ ចាំ​មើល​ទៅ អា​មេ​ខ្លួនឯង បោក​កូន​ខ្លួនឯង​ប៉ុណ្ណា​។ លោក កឹម សុខា មិនទាន់​ត្រូវបាន​តុលាការ​កាត់ទោស ហើយ​សាលក្រម​មិន​ទាន់​ចូល​ស្ថាពរ នៅឡើយ​នោះទេ ដូច្នេះ​លោក កឹម សុខា គ្មាន​ទោស​ឯ​ណា​ត្រូវ​ស្នើ​ព្រះមហាក្សត្រ​ព្រះរាជទានលើក​លែងទោស​នោះ​ទេ​។ ទណ្ឌិត សម រង្ស៊ី ជា​បិតា​ភូតកុហក​”​។ សម្តេច​តេជោ ថ្លែងថា សម្តេច​មិន​ចង់​ឆ្លើយឆ្លង ជាមួយ​ទណ្ឌិត​រត់​ចោល​ស្រុក​រូប​នេះ​ទេ តែ​បើ​មិន​បញ្ជាក់ នឹង​មាន​អ្នក​ចាញ់បោក​ការ​ភូតកុហក​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គេ​ថា​ថ្ងៃទី​២៩ ខែ​ធ្នូ​នេះ នឹង​មាន​ការដោះលែង​អ្នកទោស អា​នេះ​ពិតជា​ចេះ​បោក​គេ​ហៅថា បោក​ចិញ្ចឹម​ឆ្នាំង ចាំ​មើល​ទៅ​អ្នក​ជឿ ចាំ​មើល​ទៅ​។ សម រង្ស៊ី គាត់​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក គាត់​ថា​ថ្ងៃ​២៩​នេះ លោក ហ៊ុន សែន នឹង​ដោះ​លែង កឹម សុខា ដែល​គាត់​ហៅថា ធ្វើ​ខួប​លើក​ទី​២០ នៃ​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​នេះ​ក្រោម​សម្ពាធ​អន្ដរជាតិ​។

​សូមបញ្ជាក់​ថា អតីត​មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៦​ខែវិច្ឆិកា បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា “​លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង នៅ​ចុងឆ្នាំ ២០១៨ នេះ​។ យើង​បាន​ទទួល​បាន​ព័ត៌មាន ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក ហ៊ុន សែន នឹង​ដោះ​លែង​លោក កឹម សុខា នៅ​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុង​ឱកាស​ខួប​ទី ២០ នៃ “​នយោបាយ​ឈ្នះៗ​” ដែល​លោក ហ៊ុន សែន តែងតែ​យក​មក​អួតអាង​។ តាម​ការពិត ការដោះលែង​លោក កឹម សុខា នេះ គឺ​ធ្វើឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​សុទ្ធ​​សាធ ហើយ​ជា​ជំហាន​ទី​១ ដើម្បី​ជៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម ពី​សហភាព​អឺរ៉ុប​។ ជំហាន​ទី​២ ដែល​លោក ហ៊ុន សែន កំពុងតែ​ទីទើ​នៅឡើយ គឺ​ការ​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​។ លោក ហ៊ុន សែន ត្រូវតែ​ដោះ​លែង​លោក កឹម សុខា ដោយ​ទម្លាក់ចោល​ការចោទប្រកាន់​ពីបទ “​ក្បត់ជាតិ​” ដែល​តុលាការ​អាយ៉ង​របស់គាត់ បានដាក់​មកលើ​លោក កឹម សុខា​។ សហគមន៍​អន្តរជាតិ មិន​ជឿ​ទាល់តែសោះ ចំពោះ​ការចោទប្រកាន់​លើគោក​បែបនេះ​។ ជាពិសេស សហគមន៍​អន្តរជាតិ​លើកឡើងថា លោក ហ៊ុន សែន មិន​អាចឲ្យ​តុលាការ​អាយ៉ង​របស់គាត់ កាត់ទោស​លោក កឹម សុខា ពីបទ “​ក្បត់ជាតិ​” បានទេ បើ​តុលាការ​នោះ​មិន​ចោទប្រកាន់​លោក សម រង្ស៊ី ផងដែរ ពីបទ “​ក្បត់ជាតិ​” ដូចគ្នា ពីព្រោះ​តាម​លិខិត​មួយ​ច្បាប់​របស់​លោក សម រង្ស៊ី ខាងក្រោម​នេះ អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អាមេរិកាំង​ច្រើនជាងគេ ញឹកញាប់​ជាង​គេ និង​ស៊ីជម្រៅ​ជាងគេ ក្នុង​គម្រោង​នាំ​មក​នូវ​ការផ្លាស់ប្តូរ​តាម​បែបបទ​ប្រជាធិបតេយ្យ នៅ​កម្ពុជា — អ្វី​ដែល​លោក ហ៊ុន សែន ហៅថា “​បដិវត្តន៍​ពណ៌​” នោះ អ្នកទទួលខុសត្រូវ​ខ្ពស់​ជាងគេ​នោះ គឺ​លោក សម រង្ស៊ី តែម្តង ដែល​មាន​ឋានៈ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​គណបក្ស​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២​។

នៅពេលដែល​លោក កឹម សុខា ធ្វើ​សុន្ទរកថា នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ថ្ងៃ ៩ ធ្នូ ឆ្នាំ ២០១៣ សុន្ទរកថា ដែល​លោក ហ៊ុន សែន យក​មក​សម្អាងថា​ជា​ភស្តុតាង នៃ​អំពើ “​ក្បត់ជាតិ​” របស់លោក កឹម សុខា នោះ លោក កឹម សុខា មាន​ឋានៈ​ជា​អនុប្រធាន នៃ​គណបក្ស​សង្គ្រោះ​ជាតិ តែ​លោក សម រង្ស៊ី មាន​ឋានៈ​ជា​ប្រធាន គឺជា​អ្នកទទួលខុសត្រូវ​ខ្ពស់​ជាងគេ​បង្អស់ បើ​មាន​អំពើ “​ក្បត់ជាតិ​” ណាមួយ​មែន​នោះ​។ ដូច្នេះ លោក ហ៊ុន សែន និង​តុលាការ​អាយ៉ង​របស់គាត់ ត្រូវតែ​រៀបចំ​កាត់ទោស​លោក សម រង្ស៊ី មុន​លោក កឹម សុខា ទៀត​។ តែ​បើ​មិន​អាច​កាត់ទោស​លោក សម រង្ស៊ី បានទេ ក៏​មិន​អាច​កាត់ទោស​លោក កឹម សុខា​​បាន​​ដែរ​”​។​

​សូមជម្រាបថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​វេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់​ពី​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

​ការដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាម ផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន សម្រាប់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាតឲ្យ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែនដី ដែល​ខណ្ឌ​ដោយ ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិន​ត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជន​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិន​ត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×