ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បបួលសម្តេចតេជោ ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា មែននោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ នឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នឹងភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយសម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា “ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់”។
ក្នុងផេករបស់លោកសម រង្ស៊ី (Sam Rainsy) បានសរសេរ៩ វិច្ឆិកា ២០១៨ថា “តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?
កាលពីថ្ងៃ៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អាចថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុត ថ្ងៃ៣ មីនា ២០១៩។
បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ”៕ ដោយ ៖ រចនា