សៀមរាប ៖ លោកម៉ៅ ថូរ៉ា បានគូសបញ្ជាក់ថា វេទិកាថ្នាក់ជាតិស្តីពីការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងស្រុក បង្កើតឱកាសធុរកិច្ច និងតភ្ជាប់ទំនាក់ទំនងរវាងផលិតកម្ម ជាមួយទីផ្សារឱ្យកាន់តែល្អប្រសើរ សំដៅឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប។
វេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា ត្រូវបានប្រារព្ធឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើទឹកដីនៃអតីតចក្រភពអង្គរ ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមកសិករ ផលិតករ សហគ្រិន និងតំណាងអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៥០នាក់។
អមជាមួយវេទិកាជាតិនេះ ក៏មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើការអភិវឌ្ឍកសិ-ពាណិជ្ជកម្ម និងការកសាងទំនុកចិត្តលើផលិតផលខ្មែរ នៅសណ្ឋាគារសុខាសៀមរាប ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយជាតិ ស្តីពីការជំរុញវិស័យកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍវិសយឯកជន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមចំនួន ១៨៦នាក់ ដែលជាមន្ត្រីរាជការ ប្រជាកសិករ ផលិតករ និងតំណាងសមាគមអាជីវកម្ម នៅក្នុងខេត្តសៀមរាប។
លើសពីនេះ ក៏មានការផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ដែលមានការចូលរួមពីកសិករដាំមន អ្នកត្បាញ អ្នកផលិតសូត្រ និងអ្នកចែកចាយមកពីរាជធានី ខេត្តចំនួន ៧ ដើម្បីផ្លាស់ប្តូបទពិសោធន៍ លើវិធីសាស្ត្រជំរុញទីផ្សារ ការរៀបចំស្លាកសញ្ញាសមូហភាព និងការស្វែងរកមធ្យោបាយសមស្រប ដើម្បីអភិវឌ្ឍន៍វិស័យសូត្រ ប្រកបដោយសង្គតិភាព (ស៊ីសង្វាក់) និងបរិយាប័ន្ន។
ទន្ទឹមគ្នានេះ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏មានការរៀបចំមហាសន្និបាតលើកដំបូងរបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក្រោមអធិបតីភាព លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីរាជការ កសិករ និងផលិតករ ចំនួន ៩៨នាក់។
គោលបំណងនៃសន្និបាត គឺដើម្បីបោះឆ្នោតជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនដឹកនាំ និងសមាជិក-សមាជិការបស់សហព័ន្ធ ចំនួន ១៦រូប ចេញពីសមាគម និងសហគមន៍អ្នកកែច្នៃ និងនាំចេញម្រេច នៅក្នុងរាជធានី-ខេត្តចំនួន ១៩ នៃប្រទេសកម្ពុជា ដើម្បីធ្វើជាដៃគូជាមួយរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមទាក់ទិនការអភិវឌ្ឍទីផ្សារ និងធ្វើពិពិធកម្មការនាំចេញផលិតផលម្រេច និងគ្រឿងទេសកម្ពុជា។
បើតាមមន្ត្រីនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សមាសភាពសហព័ន្ធថ្មីនេះ គឺជាតំណាងវិស័យឯកជនរបស់កម្ពុជា ដែលនឹងត្រូវចូលជាសមាជិករបស់សហគមន៍ម្រេចអន្តរជាតិ (IPC) នាពេលអនាគត។
សូមជម្រាបថា វេទិកាថ្នាក់ជាតិលើកទី៧ ស្តីពី “ការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្មកម្ពុជា” នឹងត្រូវរៀបចំឡើងរយៈពេលបួនថ្ងៃ គឺចាប់ពីទី៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមសួនច្បារមាត់ស្ទឹង ទល់មុខព្រះរាជដំណាក់ក្រុងសៀមរាប។ នៅក្នុងវេទិកានេះ មានតាំងផលិតផលចម្រុះដូចជា៖ បន្លែ ផ្លែឈើ កសិផល សូត្រប្រណិត និងទំនិញកែច្នៃ សរុបចំនួន ១១២ស្តង់ ដែលភាគច្រើនសុទ្ធសឹងជាស្នាដៃប្រជាកសិករ ផលិតករ និងសិប្បករ មកពីរាជធានី-ខេត្តចំនួន១៩ ក្នុងប្រទេសកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ