ភ្នំពេញ ៖ សហមេធាវីលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី លោក ចាន់ ចេង លោក ផែង ហេង និងលោក ផាន់ ចន្ទសក្តិ ចេញសេចក្តីថ្លែងការណ៍ថា ការដោះលែង ឬការលើកលែងបទចោទប្រកាន់ ដើម្បីលោក កឹម សុខា មានសេរីភាពវិញ គឺជាសមត្ថកិច្ចរបស់តុលាការ មិនស្ថិតក្រោមល្បែងភ្នាល់គ្នានេះទេ។
សហមេធាវីលោក កឹម សុខា បានបញ្ជាក់ថា ទោះជាយ៉ាងណាដ៏ដោយ រឿងភ្នាល់គ្នាគឺជារឿងបុគ្គល ប៉ុន្តែបើតុលាការសម្រេចដោះលែង លោកកឹម សុខា ឲ្យមានសេរីភាពវិញ នោះមិនមានន័យថាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ចាញ់ការភ្នាល់នោះទេ ព្រោះនេះជានីតិវិធីច្បាប់ ដែលត្រូវអនុវត្ត មិនមែនសម្តេចហ៊ុន សែន ជាអ្នកដោះលែងទេ ហើយក៏គ្មានអ្នកចាញ់ និងអ្នកឈ្នះដែរ គឺខ្មែរជាអ្នកឈ្នះទាំងអស់គ្នា សហមេធាវី សង្ឃឹមយ៉ាងមុតមាំថា ប្រជារាស្ត្រខ្មែរ រួមទាំងអ្នកដឹកនាំផង នឹងមិនវាយតម្លៃលើការភ្នាល់នេះទេ ។
បន្ទាប់ពីលោក សម រង្ស៊ី មេចលនាសង្គោះជាតិ បានយកសេរីភាពលោក កឹម សុខា មកធ្វើជាកម្មវត្ថុភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ សហមេធាវីលោក កឹម សុខា នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការដោះលែងលោក កឹម សុខា ឬមិនដោះលែង គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មិនមែនស្ថិតនៅក្រោមល្បែងភ្នាល់គ្នានេះទេ។
សហមេធាវីលោក កឹម សុខា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ “ការយកសេរីភាពបុគ្គល ជាពិសេស គឺឯកឧត្តម កឹម សុខា ដែលជាអ្នកនយោបាយ ផ្សារភ្ជាប់ទៅនឹងនយោបាយជាតិមកភ្នាល់ គឺធ្វើឱ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរឈឺផ្សាថែមទៀត។ ការដោះលែង ឬការលើកលែងបទចោទប្រកាន់ ដើម្បីឯកឧត្តម កឹម សុខា មានសេរីភាពវិញ គឺជាសមត្ថកិច្ចរបស់តុលាការ មិនស្ថិតក្រោមល្បែងភ្នាល់គ្នានេះទេ។
ទោះជាយ៉ាងណាក៏ដោយ រឿងភ្នាល់គ្នាគឺជារឿងបុគ្គល ប៉ុន្តែបើតុលាការសម្រេច ដោះលែងឯកឧត្តម កឹម សុខា ឲ្យមានសេរីភាពវិញ នោះមិនមានន័យថា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ចាញ់ការភ្នាល់នោះទេ ព្រោះនេះជានិតីវិធីច្បាប់ដែលត្រូវអនុវត្ត មិនមែនសម្តេច ហ៊ុន សែន ជាអ្នកដោះលែងទេ”។
ចំណែកលោក សួន សេរីរដ្ឋា បានសរសេរលើផេកហ្វេសប៊ុកគណនី Sourn Serey Ratha ថ្ងៃសៅរ៍ ថា “ពលរដ្ឋខ្មែរទាំងអស់គ្នា សូមកត់ត្រាតាមដាន និងជួយដឹងឮទាំងអស់គ្នា ! ពេលនេះជើងខ្លាំង ទាំងពីរ សម្រេចចិត្តលេងល្បែងភ្នាល់គ្នាហើយ គឺប្រើពេលចន្លោះពីថ្ងៃទី ២៩ ធ្នូ ២០១៨ ដល់ថ្ងៃទី ៣ មីនា ២០១៩… ។
ពេលវេលានេះរង់ចាំវាមិនយូទេ ! ដូច្នោះសូមពលរដ្ឋម្ចាស់ប្រទេស និងជាម្ចាស់វាសនាជាតិ សូមកុំមើលរំលង ។
តាមដាន រាប់ថ្ងៃថយក្រោយទាំងអស់គ្នា ចាំមើលជើងខ្លាំងមួយណាចាញ់ ? ហើយអ្នកចាញ់ហ៊ានធ្វើជាមនុស្ស ដែលយកសំដី គោរពពាក្យសន្យាទេ ? សម្រាប់ខ្ញុំ ល្បែងភ្នាល់នេះ បើអ្នកណាចាញ់ហើយគោរពាក្យសន្យាធ្វើតាមសម្តី ដែលខ្លួនខ្ជាក់តាមសំណេរ នោះទើបរាប់ថាជា “មនុស្ស” ។ ដូច្នោះមើលថា តើជើងខ្លាំងមួយណាអាចរក្សាបានតម្លាំភាពជាមនុស្ស ? កត់ត្រា តាមដាន និងចាំវាយតម្លៃទាំងអស់គ្នា។ លោក សួន សេរីរដ្ឋា បានលើកឡើងថា ឥឡូវ សម រង្ស៊ី យកវាសនា កឹម សុខា មកលេងភ្នាល់គ្នា ដើម្បីបំបាក់ទឹកចិត្ត កឹម សុខា និងបន្ទាបគ្រួសារ កឹម សុខា ដោយចាត់ទុក កឹម សុខា ជាឧបករណ៍ល្បែងនយោបាយរបស់ខ្លួនដើម្បីកម្សាន្ត។ នេះគឺមិនខុសពីពេលដែលសកម្មជនសង្គ្រោះជាតិ កំពុងជាប់គុកទេ ដែលកាលណោះ សម រង្ស៊ី ក៏យកការជាប់គុកច្រវ៉ាក់ របស់សកម្មជនខ្លួនមកលេងសើច ដើម្បីចំណេញលុយ ក្នុងប្រមូលលុយសម្រាប់ទេសចរនយោបាយរបស់ខ្លួនដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីការពារ លោក កឹម សុខា ៖“…ការដោះលែង ឬការលើកលែងបទចោទប្រកាន់ ដើម្បី ឯកឧត្តម កឹម សុខា មានសេរីភាពវិញ គឺជាសមត្ថភាពរបស់តុលាការ មិនស្ថិតក្រោមល្បែងភ្នាល់គ្នានេះទេ។ ផ្ទុយទៅវិញការភ្នាល់គ្នានេះ អាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួរ….”។
រីឯផេករបស់ លោក Kem Sokha បានបញ្ជាក់ថា “គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វីមកលើរូបគាត់និងប្រទេសជាតិ”។
ហើយលោកផេករបស់លោក Chantha Muth នាយខុទ្ទកាល័យលោកកឹម សុខា បានលើកឡើងថា “មនុស្សម្នាក់ៗមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ! តើយុត្តិធម៌ទេ ដែលជ្រើសរើសយក លោក កឹម សុខា ជាល្បែងភ្នាល់នយោបាយ? អ្នកនយោបាយគួរតែដឹង និងយល់ច្បាស់អំពីគុណធម៌ នយោបាយ។ ការកំណត់មុខសញ្ញា មនុស្សធ្វើជាល្បែងភ្នាល់នយោបាយ ដើម្បីគ្រាន់តែជាការចង់ឈ្នះចាញ់គ្នា ជាអំពើអគុណធម៌បំផុត សម្រាប់មនុស្សម្នាក់។ គុណធម៌នយោបាយ គឺជាកត្តាសំខាន់សម្រាប់អ្នកនយោបាយ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បានបបួលសម្តេចតេជោ ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ជាការឆ្លើយតបនៃការភ្នាល់នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ នឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នឹងភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយសម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា “ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ទេ លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់”។
ក្នុងផេករបស់លោកសម រង្ស៊ី (Sam Rainsy) បានសរសេរ៩ វិច្ឆិកា ២០១៨ថា “តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?
កាលពីថ្ងៃ៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អាចថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុត ថ្ងៃ៣ មីនា ២០១៩។
បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ”៕ ដោយ ៖ បញ្ញាស័ក្តិ