សិស្សនិស្សិត អាណាព្យាបាល បុគ្គលិក និងថ្នាក់ដឹកនាំស្ថានទូត មន្ត្រីរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ជាង២,៥០០នាក់បានមកចូលរួមកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោកលើកទី៤ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃ ១០ ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្បីតែលភ្នំពេញកន្លងទៅនេះ។
សន្និបាតបញ្ញវន្តពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយ IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្មការអប់រំអន្តរជាតិឈានមុខគេនៅក្នុងពិភពលោក។ បច្ចុប្បន្ន សន្និបាតបញ្ញាវន្តពិភពលោក GAC ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដែលជាវេទិកាដ៏មានសារសំខាន់បំផុតមួយសម្រាប់ឱកាសនៃការអប់រំអន្តរជាតិ និងការកសាងបណ្តាញធុរកិច្ច និងការងារនៅក្នុងប្រទេសកម្ពុជា។
សន្និបាតបញ្ញាវន្តពិភពលោក រួមមានកម្មវិធីសំខាន់ៗចំនួនបី៖ ការតាំងពិព័រណ៌ការងារ និងការអប់រំសាកល (ចូលរួមដោយសេរី) វេទិកាធុរកិច្ច និងការអប់រំសាកល (ចូលរួមដោយសេរី) និងការទទួលទានអាហារពេលល្ងាចបញ្ញវន្តពិភពលោក (ទិញសំបុត្រចូលរួម)។ អក្នឧបត្ថម្ភសម្រាប់សន្និបាត GAC លើកទី ៤ រួមមាន ធនាគារព្រីនស៍ និង IELTS ឧបត្ថម្ភកម្រិត Platinum, សាលា ACE ឧបត្ថម្ភកម្រិត Gold និង NERA Telecommunications និងធនាគារស្ថាបនា ឧបត្ថម្ភកម្រិត Silver។
នៅក្នុងកម្មវិធីអាហារពេលល្ងាចដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ជាកិច្ចបើកទំព័រកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោក ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលី និងលោកម៉ៅ ស្រេង នាយកស្ថាប័ន IDP Education ប្រចាំប្រទេសកម្ពុជា។
“កម្មវិធីសន្និបាតបញ្ញាវន្តពិភពលោកនេះមានសារសំខាន់ពីព្រោះ កម្មវិធីនេះបានផ្តល់ឱកាសអោយសាធារណៈជនទាំងឡាយ មានឱកាសក្នុងការស្វែងយល់ពីការសិក្សានៅជុំវិញពិភពលោក និងសម្រាប់ សិស្ស និស្សិតដែលទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស ដោយបានផ្លាស់ប្តូរចំណេះដឹង ចែករំលែកបទពិសោធន៍ និងភ្ជាប់ទំនាក់ទំនងជាមួយសិស្ស និស្សិតដទៃៗទៀត” ប្រសាសន៍របស់លោក George Edgar, អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីអាហារពេលល្ងាច លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានមានប្រសាសន៍នៅក្នុងកិច្ចបើកកម្មវិធីថា “ កម្មវិធីដែលមានលក្ខណៈដូចកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោកនេះ គឺបានជួយជម្រុញដ៏កិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលផ្តុំអតីតនិស្សិតក្នុងស្រុក និងអន្តរជាតិ និងស្ថាប័នអប់រំដែលនៅជុំវិញពិភពលោក ព្រមទាំងសិស្ស និស្សិត អាណាព្យាបាល ឪពុកម្តាយ និងសាធារណៈជនដែលមានចំណាប់អារម្មណ៍ក្នុងការបន្តការសិក្សារបស់ខ្លួននៅបរទេស ដើម្បីអោយមកសិក្សាស្វែងយល់អំពីឱកាសសិក្សា និងការងារជុំវិញពិភពលោក។ ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ក្នុងការជម្រុញទឹកចិត្តនិស្សិតខ្មែរយើងអោយជ្រើសរើសសិក្សានៅមុខវិជ្ជាជំនាញពាក់ព័ន្ធនឹងផ្នែកកសិកម្ម និងត្រលប់មកផ្តល់នៅសក្តានុពលទៅវិស័យនេះនៅប្រទេសរបស់យើង”។
កម្មវិធីអាហារពេលល្ងាចនេះមានវត្តមាន អ្នកចូលរួមជាង៤០០នាក់ដែលបានបង្ហាញអោយឃើញពីសារសំខាន់នៃកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោកទាំងមូលផងដែរ។ កម្មវិធីនេះ បានផ្តល់នូវឱកាសដល់អ្នកចូលរួមក្នុងការបង្កើតធុរកិច្ច បង្កើតភាពជាដៃគូ ក៏ដូចជាអបអរសាទរនូវការចូលរួមចំណែករបស់ការអប់រំជាអន្ដរជាតិ។
ជាផ្នែកមួយនៃសន្និបាត GAC ពិព័រណ៌ការងារ និងការអប់រំសាកលនៅថ្ងៃទី១១-១២ ខែវិច្ឆិកានៅសណ្ឋាគារសូហ្វីតែលបានផ្តល់ជូនព័ត៌មានលម្អិតពេញលេញពីស្ថាប័នអប់រំជាច្រើន ដែលបង្ហាញពីជម្រើសនៃការអប់រំលំដាប់អន្តរជាតិទៅដល់សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស ដែលមានចំនួនសរុបជាង ៥០ ស្ថាប័នផងដែរ។
លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីសន្និបាតបញ្ញាវន្តពិភពលោកលើកទី៤ គឺជាព្រឹត្តិការណ៍ដែលមានលក្ខណៈ “ទូលំទូលាយ” រហូតមកដល់បច្ចុប្បន្នជាមួយនឹងសមាសភាគសំខាន់ៗបីរបស់កម្មវិធីទាំងមូល។
មន្ត្រីផ្នែកអាជីវកម្មប្រចាំធនាគារ ព្រីនស៍ លោក Bin Devin បានបញ្ជេញមតិថា “”ការអប់រំគឺជាឆ្អឹងខ្នងដែលគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះហើយទើបផ្តល់អាទិភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទទួលខុសត្រូវផ្នែកសង្គមរបស់យើង” ។
“យើងមកចូលរួមកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោកលើកទី៤នេះ ពីព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ យើងផ្តោតទៅលើវិស័យអប់រំនៅប្រទេសកម្ពុជាច្រើន” ប្រសាសន៍របស់លោក David Ng មកពីក្រុមហ៊ុន Nera Telecommunications ដែលជាអ្នកឧបត្តម្ហប្រាក់របស់កម្មវិធី។
លោកស្រី គី សុម៉ាណា ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈ ប្រចាំធនាគារស្ថាបនា បានមានប្រសាសន៍ថា “ ធនាគារ ស្ថាបនាពេញចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រ និងឧបត្តម្ហដល់កម្មវិធី សន្និបាតបញ្ញាវន្តពិភពលោកលើកទី៤នេះ។ មួយក្នុងចំណោមគម្រោងការងារសង្គមរបស់ពួកយើង គឺចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ ដែលធ្វើអោយយើងបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីនេះ គឺជាវេទិកាខ្នាតអន្តរជាតិមួយ ដែលអាចអោយសិស្ស និស្សិត អាណាព្យាបាល ឪពុកម្តាយ មន្ត្រីរាជការនិងបុគ្គលិកតាមស្ថាប័ននានាបានចែករំលែក និងយល់ដឹងបន្ថែមអំពីចំណេះដឹងនានា នឹងជាពិសេសបានបង្កើតទំនាក់ទំនងថ្មីៗផងដែរ។”
វេទិកាជជែកទៅលើធុរកិច្ច និងការអប់រំសាកលត្រូវបានធ្វើឡើង ស្របជាមួយនឹងការតាំងពិព័រណ៌ការងារ និងការអប់រំសាកលផងដែរ កញែកអំពីប្រធានបទធំៗចំនួន ៧ និងវេទិកាពិសេសមួយដែលបានធ្វើឡើងដោយភ្ញៀវកិត្តិយស មកពីស្ថាប័នធំៗផ្សេងៗ ប្រចាំប្រទេសកម្ពុជា និងទូទាំងសកលលោក។
កម្មវិធីសន្និបាតបញ្ញវន្តពិភពលោកបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសហពាណិជ្ជកម្មអន្តរជាតិ និងសមាគមនិស្សិតអន្តរជាតិធំៗ ចំនួន ១៨ ដែលនេះបង្ហាញអោយឃើញថាគុណតម្លៃនៃកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោក មានភាពទូលំទូលាយយ៉ាងខ្លាំង។
លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា “យើងរីករាយដែលឃើញ ស្ថាប័នIDP Education បន្តបង្កើនទំហំនៃវេទិកាពាណិជ្ជកម្ម និងបញ្ចូលការអប់រំនិងការងារសម្រាប់លទ្ធផលនាពេលអនាគត”។
“ខ្ញុំតែងតែចូលចិត្តចូលរួមកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោក ។” អ្នកស្រី អ៊ុំ ស៊ីវ៉ាន ដែលជាអតីតប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍ Chevening បានបន្តថា”កម្មវិធីនេះតែងតែនាំអោយខ្ញុំបានជួបជាមួយមនុស្សដ៏អស្ចារ្យ, ឱកាសដ៏មានតម្លៃ និង បទពិសោធន៍ដែលមិនអាចបំភ្លេច” ៕ ដោយ ៖ កូឡាប
ដើម្បីស្វែងយល់បន្ថែមអំពីសន្និបាត GAC សូមចូលទៅកាន់ www.cambodiaga.org ឬ https://www.facebook.com/cambodiaga/