Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង បានឈ្នះ​ពានរង្វាន់ “​សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព​” ​និង “​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន​” នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ ២០១៨

​ភ្នំពេញ ​៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានទទួល​ពានរង្វាន់​ចំនួន ២ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ ២០១៨ កាលពី​រាត្រី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​សណ្ឋាគារ Ritz-Carlton ក្នុងប្រទេស​សិង្ហ​បុរី​។ ពានរង្វាន់​ទាំង ២ នេះ​រួមមាន ពាន “​សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព​” និង “​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន​” ។​

​នេះ​គឺជា​ឆ្នាំ​ទី ២ ហើយ​ដែល វី​ង បានទទួល​ពានរង្វាន់ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន បន្ទាប់ពី​ធនាគារ​មួយ​នេះ បានទទួល​ពាន “​សហគ្រាស​ជោគជ័យ​បំផុត​ទាំង ៥ ក្នុង​តំបន់​អាស៊ាន​” កាលពី​ឆ្នាំ​២០១៧​។

​គណៈកម្មការ​ផ្តល់រ​ង្វាន់ របស់​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន (ABA) បាន​និយាយថា វី​ង បានបង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​សហគមន៍ ដែល​នេះ​នាំ​ឲ្យ​ធនាគារ​នេះ បានឈ្នះ​ពានរង្វាន់ សម្រាប់​សហគ្រាស​សង្គម ប្រកបដោយ​និរន្ត​ភាព​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក ធនាគារ​ឯកទេស វី​ង ដែល​បាន​ចូលរួម​ទទួល​ពានរង្វាន់ នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយថា លោក​មាន​មោទនភាព​យ៉ាងខ្លាំង ក្នុង​ការទទួល​បានកា​រ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​បេសកកម្ម​របស់ វី​ង ដើម្បី​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។​

​លោក​ម៉ា​ឡូ​ឡូ​សបាន​បន្តទៀតថា “​ក្នុង​រយៈពេល មួយ​ទសវត្សរ៍​កន្លងមកនេះ វី​ង មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ​។ ការទទួលស្គាល់​វី​ង​ជា “​សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព​” ដោយ​គណៈកម្មាធិការ​ពា​ន​រង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ការឆ្លុះបញ្ចាំង នូវ​ការប្តេជ្ញាចិត្ត​របស់ វី​ង ក្នុងការ​ធ្វើឱ្យ​មានការ​ផ្លាស់​ប្រែ​នៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ខណៈដែល វី​ង បាន​នឹង​កំពុង​ធ្វើ​កិច្ចការ ស្របទៅតាម​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​បង្កើត​សង្គម នៃ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​”

​យោងតាម​របាយការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៧៥% មិន​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឡើយ​។ កាលពី​អតីតកាល ប្រជាជន​កម្ពុជា ដែល​មិនមាន​គណនី​ធនាគារ ឬ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ បាន​ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ ដោយសារតែ​ពួកគាត់​ត្រូវ​ពឹង​ផ្អែកលើ​ភាគី​ទី​បី ដើម្បី​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួសារ​របស់​ពួកគេ​។ សេវា​ផ្ទេរប្រាក់​របស់ វី​ង បាន​កែប្រែ​បញ្ហា​ទាំងនេះ ដោយ​ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​ពុំមាន​គណនី​ធនាគារ ក្នុងការ​ផ្ទេរប្រាក់ និង​ទទួល ប្រាក់ ដែល​ងាយស្រួល រហ័ស និង​សុវត្ថិភាព​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​។

​សម្រាប់​ពានរង្វាន់​ទី​២ ដែ​លវីង​ទទួលបាន គឺជា ពានរង្វាន់ “​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន​” ក្នុងនោះ​គណៈកម្មាធិការ​វិនិច្ឆ័យ បាន​បង្ហាញថា វី​ង បានបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​និង​ឆន្ទៈ ក្នុងការ​បណ្តាក់ទុន​ថ្មីៗ សម្រាប់​ការរីកចម្រើន​ប្រកបដោយ​និរន្ត​ភាព និង​បានទទួល​នូវ​ភាពជោគជ័យ ផ្នែក​ពាណិជ្ជកម្ម ដល់​កម្រិត​ដែលមាន​ភាពល្អប្រសើរ សម្រាប់​ទំហំ​ប្រតិបត្តិការ​របស់ខ្លួន​។​

​លោក ម៉ា​ឡូ​ឡូ​ស បាន​អះអាង​ប្រាប់ថា “​ការរីកចម្រើន​នេះ ពិតជា​អស្ចារ្យ​ណាស់​។ ឥឡូវនេះ វី​ង មាន​អតិថិជន​សកម្ម​ចំនួន ៣ លាន​នាក់ រាប់បញ្ចូល​ទាំង​អ្នកមាន​គណនី​វី​ង​ចំនួន ១ លាន​នាក់ និង​មាន​ទំហំ​ប្រតិបត្តិការ​ទឹកប្រាក់​ប្រចាំឆ្នាំ ដែលមាន​តម្លៃ​ប្រមាណ​ជាង ១០ ពាន់​លាន​ដុល្លារ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​នៅពេលដែល​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ​មានការ​អភិវឌ្ឍ​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុងផ្តល់​ប្រយោជន៍​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​ទៅដល់​សង្គម​កម្ពុជា​ទាំងមូល​។ ការដាក់បញ្ចូល នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលបាន​អតិថិជន​កាន់តែច្រើន​, សហគ្រាស​ខ្នាតតូច​និង​មធ្យម រឹត​តែមាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ អាជីវកម្ម​របស់ខ្លួន​, ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ត្រូវបាន​បង្កើតឡើង​, ហើយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ក៏​អាច​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក និង​អ្នកផ្គត់ផ្គង់​របស់​ពួកគេ បាន​យ៉ាង​ងាយស្រួល​។​”

​គួរ​រំលឹក​ផងដែរ​ថា ពានរង្វាន់​ធុរកិច្ច​អាស៊ាន ២០១៨ គឺជា​ពាន​ទី ២ ក្នុង​រយៈពេល​៣​ខែ បន្ទាប់ពី វី​ង បានទទួល​ពាន “​ធនាគារ​ដែល​ផ្ដល់​ផលប្រយោជន៍​ល្អ​បំផុត​ដល់​សង្គម នៅ​កម្ពុជា​ឆ្នាំ ២០១៨” កាលពី​ខែកញ្ញា ដោយ​ទស្សនា​វ​ដ្តី​អាជីវកម្ម​អន្តរជាតិ ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះថា Capital Finance International ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ៖

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​

អ៊ីមែល​: marketing@wingmoney.com

អំពី ធនាគារ​ឯកទេស វី​ង​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ វី​ង​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ឯកទេស​មួយចំនួន​ក្នុង​ពិភពលោក​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង ផ្តល់ជូន​វី​ធី​សាស្ត្រ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ផ្ទេរ និង ទទួល​ប្រាក់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​។

​ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញ​​វត្ថុ តាមរយៈ​សេវាកម្ម​ហិរិ​ញ្ញ​វត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិនមាន​គណនី​ធនាគារ​និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​គ្រប់ៗ គ្នា​ក្នុងការ​ទទួលបាន​សេវា​ដូចជា​ការផ្ទេរ​ប្រាក់​ក្នុងស្រុក ផ្ញើ​ប្រាក់​ពី​ក្រៅប្រទេស​ភ្លាមៗ​ពី​ជាង ៥០​ប្រទេស បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​បង់​វិក័យប័ត្រ​។​

​ភាពជោគជ័យ​របស់​ធ​នាគារ​វី​ង ត្រូវបាន​ទទួលស្គាល់​នៅពេលដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា “​ធនាគារ​ទូទាត់​ចល័ត​ល្អ​បំផុត​នៅ​កម្ពុជា​” ក្នុង​កម្រិត​កិត្យានុភាព​នៃ​ពានរង្វាន់​ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកល​ឆ្នាំ​២០១៧​។ ធនាគារ​វី​ង​នៅតែ​ជា​អ្នក​នាំមុខគេ​ក្នុង​ការផ្តល់សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការទូទាត់​ប្រាក់​ចល័ត​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​គ្របដណ្តប់​ក្នុងស្រុក​១០០% តាមរយៈ​បណ្តាញ​ទូទាំងប្រទេស​របស់​យើង​ដែលមាន​សាខា​វី​ង​ចំនួន​ជាង ៦០០០ និង អាជីវករ​ជាង​២៥០០០ និង​ចងសម្ព័ន្ធ​ភាពជា​ក្រុមហ៊ុន​នាំមុខ​ឧស្សាហកម្ម​ជា​សាកល រួមមាន កាត​ឥណទាន​អន្តរជាតិ​តាម​អន​ឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit​។​

​ធនាគារ​ឯកទេស​វី​ង​ក៏​ផ្តល់ជូន​នូវ​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ទូទាត់ ដល់​វិស័យ​សាជីវកម្ម​តាមរយៈ​សេវាកម្ម​សហគ្រាស​របស់​យើង​។ ជាមួយ វី​ង សហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs)​ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ទូទាត់​ប្រាក់​ឲ្យ​បុគ្គលិក​របស់​ពួកគេ​ដែល​ជួយ​ដល់​កំណើន និង​ភាព​រីកចម្រើន​នៃ​ប្រព័ន្ធ​អេកូ​ទូទាត់​ប្រាក់​ ៕ ដោយ​៖​កូ​ឡាប​

×