ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងនារី ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែពួកគេជិះម៉ូតូ១គ្រឿងល្បឿន ជ្រុលបុករថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន SCG ។
អ្នកភូមិឱ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីម៉ោង ៨ និង៣៥នាទីយប់ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជាមួយគ្នានោះសមត្ថកិច្ចបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ គេឃើញម៉ូតូមួយគ្រឿងម៉ាង ហ្ស៊ូមើរអ៊ិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-7374 ជិះគ្នា៣នាក់ ក្នុងនោះ មាននារី២នាក់ ក្នុងលឿនទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលបុករថយន្តក្រឡុកស៊ីម៉ង់តិ៍១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0244 របស់ក្រុមហ៊ុន SCG ដែលកំពុងបត់ចូលក្នុងការដ្ឋានចំពាក់កណ្តាលរថយន្តបណ្តាលឲ្យទាំងមនុស្ស និងម៉ូតូ ខ្ទាតចូលក្រោមកង់រថយន្កិនតស្លាប់ ម្នាក់និង នារី២នាក់រងរបួសធ្ងន់តែម្តង។
អ្នកភូមិឱ្យដឹងថា៖មកទល់នឹងពេលនេះ ជនរងគ្រោះទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានថា យុវជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតជាជាងបិតតែមម៉ូតូ ព្រោះសមត្ថកិច្ចបានឆែរឆេររកឃើញមានស្កុតសម្រាប់បិតម៉ូតូមួយចំនួន។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះវាស់វែង និងឃាត់រថយន្តទុកនៅកន្លែងកើតហេតុ រង់ចាំដោះស្រាយនៅពេលក្រោយ ។សាកសពជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ ចំណែកស្ត្រីរបួសធ្ងន់២នាក់ទៀត ត្រូវបានរថយន្តដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ