ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ កងទ័ពកម្ពុជា ដាច់ខាតមិនចូលរួម ក្នុងកិច្ចប្រតិបត្តិការយោធា ជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្រ របស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ សម្តេចបានចោទសួរថាតើ កម្ពុជាមានការចាំបាច់ រំលោភរដ្ឋធម្មនុញ្ញខ្លួន អនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស លើទឹកដីកម្ពុជាឬទេ?។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រតិកម្មនេះ ក៏បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ទាក់ទងនឹងវត្តមានរបស់កងទ័ពជើងទឹករបស់ចិន នៅលើទឹកដីកម្ពុជា ខ្ញុំសូមបញ្ជាក់ដល់បងប្អូនជនរួមជាតិ ក៏ដូចជាមិត្តបរទេសទាំងអស់ ថាតើកម្ពុជា មានការចាំបាច់ ដើម្បីនឹងរំលោភលើរដ្ឋធម្មនុញ្ញ របស់ខ្លួនឬទេ?
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានហាមឃាត់ ជាមួយនឹងវត្តមានកងទ័ពបរទេស មូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយកងទ័ពរបស់ខ្លួន ក៏ត្រូវបានហាមឃាត់ មិនឲ្យមានការចូលរួមសហប្រតិបត្តិការ ជាមួយនឹងប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្រ របស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុង ស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល។
នេះជាចំណុចមួយ សូមបញ្ជាក់ទៅកាន់មិត្តភ័ក្តិបរទេស និងសាធារណជន ហើយខ្ញុំនឹងចេញលិខិតឆ្លើយតបទៅកាន់ អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលបានហាមឃាត់ នូវវត្តមានកងទ័ព និងមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសកម្ពុជា ។
កម្ពុជាមានកងទ័ពរបស់ខ្លួនហើយ មិនមានការចាំបាច់ដាក់ កងទ័ពបរទេសមកជំនួយទេ ហើយកម្ពុជា គ្មានត្រូវចាំបាច់ ត្រូវប្រើកងទ័ពបរទេសនោះទេ ។ ចោទជាសំណួរ ថាតើយើងវាយជាមួយអ្នកណា វាយជាមួយខ្លួនឯង វាយជាមួយថៃ វាយជាមួយរៀតណាម វាយជាមួយប្រទេសណា នេះជាចំណុចគួរឲ្យងឿងឆ្ងល់ណាស់ តើគេមានចេតនាអ្វីចំពោះកម្ពុជា ឬក៏គ្រាន់តែយកវត្តមានអ្នកវិនិយោគ និងអ្នកទេសចរដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន ធ្វើជាលេស ដើម្បីមូលបង្កាច់ និងដាក់កំហុសចំពោះកម្ពុជា។
ខ្ញុំពិតជាមានការសោកស្តាយណាស់ ជាមួយនឹងព័ត៌មានមិនច្បាស់លាស់ នៃជនជាតិមួយចំនួន ដែលព្យាយាមធ្វើអាក្រក់ម្តងហើយម្តងទៀត ចំពោះកម្ពុជា ដែលគ្មានកំហុសទាល់តែសោះ លើបញ្ហាទាំងឡាយនេះ។ កម្ពុជាមិនមានការចាំបាច់ ឲ្យប្រទេសណាមួយ មកធ្វើសង្គ្រាមលើប្រទេសរបស់ខ្លួនទេ ខ្ញុំមិនត្រូវការឲ្យបរទេស មកច្បាំងគ្នាលើទឹកខ្មែរ ដូចកាលពីអតីតកាលទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយ បំផ្លៃនូវការពិត ហើយយើងបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ ហើយខ្ញុំនឹងធ្វើលិខិតជូន ទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីឲ្យគាត់បានច្បាស់អំពីបញ្ហានេះ ហើយថ្ងៃស្អែក ខ្ញុំនឹងជួបទូតសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ប្រាប់បន្ថែមលើបញ្ហានេះ”។
យោងតាមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ “តើកម្ពុជាមានការចាំបាច់ រំលោភរដ្ឋធម្មនុញ្ញខ្លួន អនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស លើទឹកដីកម្ពុជាឬទេ? តើកម្ពុជាត្រូវការកងទ័ពបរទេស ដើម្បីច្បាំងជាមួយអ្នកណា? ហើយខ្ញុំមិនត្រូវការឱ្យបរទេស មកច្បាំងគ្នានៅលើទឹកដីកម្ពុជា ដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឱ្យកម្ពុជា ជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ”។សម្តេចបានបន្តថា៖ “យើងចង់ចងមិត្តជាមួយគ្រប់ប្រទេស លើសកលលោក។ កងទ័ពកម្ពុជា ដាច់ខាតមិនចូលរួម ក្នុងកិច្ចប្រតិបត្តិការយោធា ជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្រ របស់អង្គការសហប្រជាជាតិ”។
គួរបញ្ជាក់ថា៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖
ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងក្នុង មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងថែរក្សា សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយដែលអូសទាញនាំឱ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្តការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជាមិនបានចូលរួមជាមួយ សង្គ្រាមត្រជាក់ណាមួយ ឬអនុញ្ញាតឱ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះ បានផ្សាយចោទប្រកាន់ទេ៕ ដោយ ៖ បញ្ញាស័ក្តិ