អ្នកនិយមរឿងបុរាណនិទាន ពិភពគុណចិន ប្រាកដជាធ្លាប់ឮពី “ផ្កាឈូកព្រិល” លើភ្នំទីបេ ហើយក៏ប្រហែលជាគិតថាវាជារឿង “ប្រឌិត” ។ តាមពិតទៅគឺវាពិតជា…មាន ។
ប្រសិទ្ធភាពនៃផ្កាឈូកព្រិល គឺជួយបង្កើនថាមពល ពន្យឺតភាពចាស់… ។
វាជាផលិតផលមានពិតរបស់ធម្មជាតិ ត្រូវបានអ្នកជំនាញការផ្តល់រហស្សនាមថា “បវរកញ្ញាលើកំពូលភ្នំព្រិល” ទៀតផង ។
គេហៅថា ឈូកព្រិល ព្រោះតែវាចាប់ពន្លកលូតលាស់ ហើយចេញផ្កានៅក្នុងអាកាសដ៏សែនត្រជាក់លើកំពូលភ្នំថ្មព្រិលដ៏ខ្ពស់ ។ គេថាវាជាធាតុផ្សំនៃខ្យល់ ពពក និងព្រិល ។
តាមការស្រាវជ្រាវ វាគឺជាស្តេចនៃកំពូលធាតុថ្នាំទាំង ១០០ ហើយដុះតែនៅរយៈកម្ពស់ពី ២៥០០-៤០០០ម៉ែត្រ ប្រៀបនឹងទឹកសមុទ្រ ។ វាដុះតាមកន្លៀតថ្ម ហើយលូតលាស់យឺត ទាល់តែ ៥-៧ឆ្នាំ ទើបចេញផ្កាម្តង ហើយមានគ្រាប់ប្រមាណ ៥% ប៉ុណ្ណោះ ដែលប៉ិចពន្លកចេញ ។
គ្រាប់ផ្កាឈូកព្រិល ប៉ិចពន្លកក្នុងសីតុណ្ហភាព ០ដឺក្រេសេ ហើយលូតលាស់ក្នុងល័ក្ខខ័ណ្ឌធាតុអាកាសពី ៣-៥អង្សាសេ ទ្រាំទ្រធាតុត្រជាក់បានដល់ទៅ -21 អង្សាសេ ។ វាមានតែនៅតំបន់សឺជាំង និងទីបេប៉ុណ្ណោះ ។
ព្រោះតែវាលូតលាស់ក្នុងល័ក្ខខ័ណ្ឌ “ពិសេស” បែបនេះ ទើបធ្វើឲ្យវាក្លាយជាឱសថដ៏ស័ក្តិសិទ្ធអស្ចារ្យ ។ គេហៅវាថា ឱសថទិព្វ ។
តាមកំណត់ត្រាឱសថបុរាណចិន ឈូកព្រិលអាចបន្សាបជាតិពុលព្យាបាលជំងឺទាក់ទងដល់សួត សន្លាក់ ។ វាជាថ្នាំប៉ូវសម្រាប់បុរសៗ ។ គេថាវាមានធាតុក្តៅ ពេលបរិភោគទៅអាចស្រាតដើរក្នុងព្រិលបាន ដោយពុំរងា។
ថ្មីៗនេះអ្នកជំនាញឱសថបុរាណនៅរកឃើញថា វាមានប្រសិទ្ធភាពសម្រាប់ជួយព្យាបាលរោគក្រលៀនខូច សមត្ថភាពបង្កើតកូនរបស់នារីៗ ។ ឈូកព្រិលសម្បូរដោយប្រូតេអ៊ីន និងអាស៊ីតអាមីន ជួយបង្កើនសមត្ថភាពការពាររាងកាយ ប្រឆាំងនឹងភាពចំណាស់ ។
មុនប្រើប្រាស់វា គេត្រូវចម្រាញ់យកជាតិពុលចេញជាមុនសិន ។ ហេតុនេះ តម្រូវឲ្យអ្នកជំនាញឱសថបុរាណណែនាំទើបបាន ។
តម្លៃរបស់វាក៏មិនធម្មតាដែរ គឺប្រមាណពី ៤០០០-៥០០០ដុល្លារ ក្នុង១ kg ឯណោះ ហេតុនេះធ្វើឲ្យវាត្រូវគេតាមប្រមាញ់ ប្រឈមនឹងការផុតពូជ ៕ ចន្ទ្រា