Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទទួលបានពានរង្វាន់ Care Policy Ecosystem លើការលើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (Care Economy) នៅក្នុង “ព្រឹត្តិការណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីជើងឯកលើការងារថែទាំនិងសុខុមាលភាព នៅក្នុងតំបន់ ឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាទទួលបានពានរង្វាន់ Care Policy Ecosystem លើការលើកកម្ពស់សេដ្ឋកិច្ចដែលគិតគូពីសុខុមាលភាព (Care Economy) នៅក្នុង ”ព្រឹត្តិការណ៍តំបន់អាសុី-ប៉ាសុីហ្វិក ស្តីពីជើងឯកលើការងារថែទាំ និងសុខុមាលភាពនៅក្នុងតំបន់ ឆ្នាំ២០២៤”​។

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានទទួលពានរង្វាន់ Care Policy Ecosystem ជាប្រទេស ដែលមានការគាំទ្រ ពីរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ លើការដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការផ្នែកគោលនយោបាយ លើការ លើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (Care Economy) នៅក្នុង «ព្រឹត្តិការណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីជើងឯកលើការងារថែទាំនិងសុខុមាលភាពនៅក្នុងតំបន់ ឆ្នាំ២០២៤» ដែលជាកម្មវិធីពិសេសនៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការពិនិត្យលើវឌ្ឍនភាពលើការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់ បានរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) និងអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) ចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក។

ពានរង្វាន់នេះ បានបញ្ជាក់អំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងគំនិតផ្តួចផ្តើម និងការដាក់ ចេញនូវកម្មវិធីនានា ក្នុងការរៀបចំ និងដំណើរការទារកដ្ឋាន នៅតាមស្ថាប័នរដ្ឋ វិស័យឯកជន និងនៅតាមសហគមន៍ ជាផ្នែកមួយ នៅក្នុងការគិតគូរដល់សុខុមាលភាពរបស់ស្ត្រី គ្រួសារ និងសង្គម។ តាមរយៈកម្មវិធីជាតិគាំពារសង្គម រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការគាំពារមាតានិងទារក សុខុមាលភាពគ្រួសារដែលងាយរងគ្រោះ រួម ទាំងសុខុមាលភាពនៅកន្លែងធ្វើការ (ប.ស.ស) កម្មវិធីផ្តល់អាហារតាមសាលារៀន និងការគិតគូរដល់ក្រុមមនុស្ស វ័យចាស់ជាដើម។ ផ្អែកលើគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងកិច្ចការនារីបានបន្តយកចិត្ត ទុកដាក់ និងលើកកម្ពស់ការយល់ដឹង និងគាំទ្រពីដៃគូពាក់ព័ន្ធ សហគមន៍ គ្រួសារ និងសង្គមទាំងមូល ដើម្បីបង្កើនការចូលរួមការទទួលខុសត្រូវរួម និងកាត់បន្ថយបន្ទុកការងាររបស់ស្ត្រី និងក្មេងស្រី លើកិច្ចការថែទាំគ្រួសារ និងគ្មាន ប្រាក់កម្រៃ រួមទាំងការពង្រីកសក្តានុពល និងបង្កើតឱកាសការងារសេវាថែទាំសុខុមាលភាពគ្រួសារ តាមរយៈពង្រឹង យន្តការបញ្ជាបយេនឌ័រនៅតាមវិស័យ និងកម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី ក៏ទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធ រួមមាន UN-ESCAP, UNDP, UN Women, ភ្នាក់ងារអង្គការសហប្រជាជាតិ, អង្គការអុកស្វាម និងដៃគូផ្សេងៗ លើកិច្ចខិតខំប្រឹងប្រែងនេះ និងបាន បញ្ជាក់អំពីការបន្តសហការ ក្នុងការអនុវត្តកម្មវិធីនេះឱ្យបានកាន់តែទូលំទូលាយ។

ចំណុចសំខាន់មួយទៀតនោះ គឺលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួល ការជ្រើសតាំងដោយអង្គប្រជុំរដ្ឋមន្ត្រីថ្នាក់តំបន់ នៅក្នុងចំណោមសមាជិកជារដ្ឋមន្ត្រីចំនួន១៩រូប អនុរដ្ឋមន្ត្រី និង តំណាងមកពីរដ្ឋាភិបាលក្នុងតំបន់ ចំនួន៤៥ប្រទេស រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍ សហគមន៍ អន្តររដ្ឋាភិបាល និងសង្គមស៊ីវិលប្រចាំអនុតំបន់នីមួយៗ ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី ការពិនិត្យលើវឌ្ឍនភាពលើការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់។ កិច្ចប្រជុំនេះ និងព្រឹត្តិការណ៍អម ចំនួន២៥ បានរៀបចំឡើងដើម្បីរំលឹកខួបទី៣០ឆ្នាំ របស់សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង (Beijing+30) និងពិនិត្យលើ វឌ្ឍនភាពថ្នាក់តំបន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ដែលជាធាតុ ចូលថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយក នៅឆ្នាំ២០២៥ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×