ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំ លើកទី៤៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៧ អាណត្តិទី៣ 2-ឆ្លងនិងអនុម័តរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥ នៃការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី 3-ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 4-បញ្ហាផ្សេងៗ។
បើតាមរបាយការណ៍របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានឲ្យដឹងពាក់ព័ន្ធនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ គិតទាំងការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ (២២ ៣៥៣ រូប) តែងតាំងថ្មី (៧៨៩ រូប) លាឈប់ និងចប់អាណត្តិ (៣៥០ រូប) បញ្ឈប់ពីមុខតំណែង (៥ រូប) ចូលនិវត្តន៍ (២៣៥ រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៥ មានចំនួន (២៣ ៧៣៥ រូប)។
ដោយឡែកក្នុងខែមិថុនានេះ មានមន្ត្រីចំនួន ១៩៨ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ១១៦ រូប, មន្ត្រី ១ រូប ប្រកាសក្រោយបញ្ឈប់ពីមុខតំណែង, មន្ត្រី ២ ២ រូប ប្រកាសតាមតម្រូវការស៊ើបអង្កេត និង ៧៩ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
ការងារពាក្យប្ដឹង ក្នុងឆមាសទី១ បានទទួល ២៥៩ ពាក្យប្ដឹង ក្នុងនោះពាក្យប្ដឹងអនាមិកមាន ៨៦ (៣៣,២០%)។ ពាក្យប្ដឹងចំនួន ២០ មិនពាក់ព័ន្ធអំពើពុករលួយ។ ពាក្យប្ដឹងចំនួន ១១៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ។ អន្តរាគមន៍ឱ្យជួយដោះស្រាយ ៧ ពាក្យប្ដឹង។ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧ សំណុំរឿង។ កំពុងបន្តនីតិវិធីស្រាវជ្រាវ ១១៤ ពាក្យប្ដឹង។ កំពុងដំណើរការ ៣ បណ្តឹង។
អ.ប.ព. ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែសរុបចំនួន ៤៦ ពាក្យប្ដឹង ផងដែរ។
ឯកឧត្តម យន់ ស៊ីណាត អនុប្រធាន អ.ប.ព. រាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអំពី មតិយោបល់របស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយតាមក្រសួង-ស្ថាប័ន និងមតិយោបល់របស់វិស័យឯកជន អ្នកសារព័ត៌មាន អំពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (២០២៥-២០៣០)។
អ.ប.ព. វាយតម្លៃខ្ពស់ការដឹកនាំ រៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចូលក្របខណ្ឌតាមក្រសួង ស្ថាប័ននានា ដែលក្រសួងមុខងារសាធារណៈបានដំណើរការប្រកបដោយស្តង់ដារខ្ពស់ ម៉ត់ចត់ យុត្តិធម៌ គ្មានលំអៀង។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការ រាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាពលើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។ នេះជាការប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកចុងក្រោយ នៃអាណត្តិទី៣។កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសពិភាក្សាវែកញែកដោយភាពស្និទ្ធស្នាល និង ភាតរភាព៕ រក្សាសិទ្ធដោយ : សុទ្ធលី











