ប្រមុខការទូតអាមេរិក Tillerson និងរដ្ឋមន្ត្រីការពារជាតិ Jim Mattis បានប្រឆាំងនឹងការរុះរើស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ Jerusalem នេះបើតាម Reuter ថ្ងៃទី ៦/១២ ដែលដកស្រង់ប្រភពលាក់ឈ្មោះមួយ។
សារព័ត៌មាន AP ក៏បានចុះផ្សាយព័ត៌មានឲ្យដឹងថា លោកទាំង២រូបនេះសុទ្ធសឹងមានកង្វល់ពីគ្រោះថ្នាក់ចំពោះការទូតនិងកងទ័ពអាមេរិកនៅបណ្តាប្រទេសអ៊ីស្លាម ត្រូវប្រឈមមុខ។
បើតាម The Hill បន្ទាប់ពីប្រធានាធិបតី Trump នៅថ្ងៃទី ៦/១២ ទទួលស្គាល់ថា Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល ព្រមទាំងប្រកាសថា នឹងរើស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ Jerusalem ប្រមុខការទូត Tillerson បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា សុវត្ថិភាពរបស់ពលរដ្ឋអាមេរិក ជាអាទិភាពខ្ពស់បំផុតរបស់ក្រសួងការបរទេស។ ស្ថាប័ននេះនឹងអនុវត្តផែនការ បង្កើនសន្តិសុខការពារសុវត្ថិភាពរបស់ពេលដ្ឋអាមេរិក នៅតាមតំបន់រងឥទ្ធិពល។
លោក Tillerson ឲ្យដឹងបន្ថែមថា ក្រសួងការបរទេសអាមេរិក បានប្រឹក្សាយោបល់ជាមួយមិត្តភក្តិជាច្រើន រួមទាំងដៃគូ និងសម្ព័ន្ធមិត្តមុនពេលប្រធានាធិបតីធ្វើការសម្រេចចិត្ត។
ចំណែកលោក Mettis វិញបានគេចពីសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី ៥/១២ គ្រាលោកវិលត្រឡប់ពីមជ្ឈិមបូព៌ា និងអាហ្វ្រិក។ លោកគ្រាន់តែនិយាយថា បានជួបប្រធានាធិបតី ដើម្បីពិភាក្សាបញ្ហានេះ ពី”ចុងសប្តាហ៍មុន” ហើយថា “បានជជែកពិភាក្សាយ៉ាងទូលាយ”។
ខណៈពេលដែលអ៊ីស្រាអ៊ែល បានស្ងើចសរសើរថា វាជា “គំនូសប្រវត្តិសាស្ត្រ” តែសម្ព័ន្ធមិត្តរបស់អាមេរិកនៅភាគខាងលិចជាអាទិ៍ បារាំង អង់គ្លេស បានធ្វើការស្តីបន្ទោសចំពោះទង្វើនេះ។ ចំណែកអាល្លឺម៉ង់វិញ ប្រកាសចំៗថា គេពុំគាំទ្រដល់ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក។
ប៉ាឡេស្ទីន បានហៅសកម្មភាពរបស់អាមេរិកថា “ពុំអាចទទួលយកបាន” ហើយសង្កត់ធ្ងន់បន្ថែមថា អាមេរិកបានបោះបង់ចោល បន្ទុកទទួលខុសត្រូវជាអាជ្ញាកណ្តាល “សម្រុះសម្រួល” សម្រាប់សន្តិភាពនៅតំបន់នេះហើយ។
រីឯអង្គការសហប្រជាជាតិ និងប្រជុំបន្ទាន់ពីបញ្ហានេះ នៅថ្ងៃទី ៨/១២/២០១៧ (ម៉ោងតំបន់) ដើម្បីពិភាក្សាពីទង្វើរបស់ប្រធានាធិបតីអាមេរិក Donald Trump ៕ សូយន