ភ្នំពេញ ៖ លោកយូ ហុកគ្រី តំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានសមាជិកសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ រដ្ឋសភាជំនួសកន្លែងលោកកឹម សុខា ដោយសម្លេងឆ្នោតគាំទ្រចំនួន១១២សំឡេង មិនព្រម២សំឡេង និងអនុប្បវាទ២សំឡេង។
សម័យប្រជុំរដ្ឋសភា ដែលធ្វើឡើងកាល ពីព្រឹកថ្ងៃទី៨ខែធ្នូនេះ ក្រោមអធិបតីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អង្គប្រជុំរដ្ឋសភា បានសម្រេចលើបេក្ខជនលោកយូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភាតាមរយៈការបោះឆ្នោតទុកចិត្តក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥នេះ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ កាលពីព្រឹកថ្ងៃទី៨ធ្នូនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថ “ខ្ញុំសប្បាយរីករាយ និងសូមស្វាគមន៍ បងប្អូនសមាជិក សមាជិកា រដ្ឋសភាជាតិទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នេះដែលមានរបៀបវារៈសំខាន់ៗចំនួន២ គឺ:
១) ការប្រកាសសុពលភាពអាណត្តិ របស់សមាជិកថ្មីនៃរដ្ឋសភា នីតិកាលទី៥ ចំនួន១៦រូប។
២) ការបោះឆ្នោតទុកចិត្តអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន៣រូប។ សូមជូនពរ បងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ៗគ្នា”៕ ដោយ៖បញ្ញាស័ក្តិ