Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ

ភ្នំពេញ៖ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូននិងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញបានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនៈភាពនៃគម្រោងនេះ ខណៈដែលគម្រោងនេះនឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។

កិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី,ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនបានមានប្រសាសន៍ថា៖ ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា។ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់វិញត្រូវតែពង្រឹងអោយបានម៉ឹងម៉ាត់បំផុត ដោយព្រឹត្តិការណ៍នេះនឹងមានមហាជនចូលរួម ប្រមាណជាង៥ម៉ឺននាក់ តំណាងអង្គទូតនានាប្រចាំនៅកម្ពុជាក៏បានចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយសម្ដេចនឹងអញ្ជើញប្រគល់បាល់ ជូនក្រុមកីឡា ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ចំពោះព្រឹត្តិការណ៍បាល់ទាត់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណ៥ម៉ឺននាក់ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ក្នុងឱកាសនោះ បានស្នើសូមឱ្យធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីខ្លឹមសារនៃព្រឹត្តិការណ៍នេះច្បាស់ នោះគឺការអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ១៩៩៨ខួបទី២៦ឆ្នាំ។

គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×