ភ្នំពេញ៖តុលាការកំពូលបានបើកសវនាការប្រកាសសាលដីកា សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វណ្ណី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ។ នៅព្រឹកថ្ងៃនេះ សកម្មជនដីធ្លីបឹងកក់និងបុរីកីឡាជាច្រើននាក់ បាននាំគ្នាមកប្រមូលផ្តុំគ្នា ដើម្បីស្ដាប់ការប្រកាសសាលដីកាសកម្មជនដីធ្លីបឹងកក់ទេព វណ្ណី ត្រង់ចំណុចមុខតុលាការកំពូល ផ្លូវសុធារស កែងសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានការប្រមូលផ្តុំពីសកម្មជនដីធ្លឺបឹងកក់ និងបុរីកីឡា ចំនួន១៥នាក់។ ដឹកនាំដោយ ៖
១-ង៉ែត ឃុន ( យាយម៉ាមី )
២-ផាន់ ឈុនរ៉េត
៣-ចាន់ ពុទ្ធិស័ក្ត
៤-សរ ស៊ន ( បុរីកីឡា )
នាព្រឹកនេះ តុលាការកំពូលបានជំនុំជម្រះលើសំណុំរឿង សកម្មជនសហគមន៍បឹងកក់បួននាក់រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ដែលត្រូវបានសាលាឧទ្ធរណ៍ផ្ដន្ទាទោសពី “បទប្រមាថ” និង “បទប្រឆាំងនឹងអ្នករាជការសាធារណៈដែលមានស្ថានទម្ងន់ទោស”។
ប្រសិនបើតុលាការកំពូល សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការស្ត្រីទាំងបួននាក់ ប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ៦ខែ ផ្អែកតាមបញ្ញត្តិមាត្រា៥០២ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លីកាលពីឆ្នាំ២០១១ នៅខាងមុខសាលារាជធានីភ្នំពេញ។ អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួននិងឃុំខ្លួន តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ហើយអ្នកស្រីកំពុងរង់ចាំសវនាការបណ្ដឹងសារទុក្ខ ពាក់ព័ន្ធនឹងការផ្ដន្ទាទោសក្នុងសំណុំរឿងផ្សេងមួយទៀត៕ ដោយ៖កូឡាប