Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី ប្រតិកម្ម​នឹង​អ្នក​រិះគន់​ថា ស​.​ស​.​យ​.​ក ប្រមូលផ្ដុំ​សុទ្ធតែ​កូន​អ្នកធំ ឬ​អ្នកមានអំណាច តើ​ទៅ​យក​ពី​ណា​?

​ភ្នំពេញ ​៖ សម្ដេច​តេជោ ហ៊ុន សែន ដែល​ប្រតិកម្ម​តប នឹង​អ្នក​រិះគន់​មកលើ​ស្ថាប័ន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថា ជា​ទីកន្លែង​ដែល​ប្រមូលផ្ដុំ​សុទ្ធតែ​កូន​អ្នកធំ ឬ​អ្នកមានអំណាច ហើយ​សម្តេច​បន្តថា ក្រុម​អ្នកប្រឆាំង គ្មាន​ថ្ងៃ​មក​អង្គុយ​ក្នុង​កម្មវិធី​របស់ ស​.​ស​.​យ​.​ក ទេ​។​

​ការលើកឡើង​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឱកាស ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​បិទ​មហាសន្និបាត តំណាង​ទូទាំងប្រទេស លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ទៅ​យុវជន​ថា ត្រូវ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ កុំឱ្យ​រឿងរ៉ាវ​អតីតកាល​ត្រឡប់មកវិញ ទោះ​តម្លៃ​ណា​ក៏​ដោយ​កុំ​ឱ្យ​បដិវត្តន៍​ពណ៌​កើតមាន​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រុម​អ្នកប្រឆាំង​កុំ​សង្ឃឹម​បាន​មក​អង្គុយ​ជាមួយ ស​.​ស​.​យ​.​ក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ ស​.​ស​.​យ​.​ក មិន​ជ្រើស​យក​ថ្នាក់ដឹកនាំ ដែល​ជា​កូនៗ របស់​ថ្នាក់ដឹកនាំ តើ​ទៅ​យក​ពី​ណា​?
​សម្ដេច ហ៊ុន សែន បាន​និយាយថា ស​.​ស​.​យ​.​ក គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ធ្វើ​សកម្មភាពរ​បស់​ខ្លួន ដូចនេះ​វា​គ្មាន​អ្វី​ដែល​ក្រុម​អ្នកប្រឆាំង​ត្រូវ​រិះគន់​លើ​សកម្មភាព​ពួកគេ​ឡើយ​។​

​សម្ដេច ហ៊ុន សែន បាន​ឆ្លើយតប​វិញ​ថា ​៖ “​ដូច្នេះ​សូម​ផ្ដាំ​ទៅ​ពួក​អ្នក​ឯង​វិញ​ថា យល់​ឲ្យ​ច្បាស់ ដឹង​ឲ្យ​ច្បាស់ កុំ​និយាយ​ថា ស​.​ស​.​យ​.​ក សុទ្ធតែ​ប្រមូលផ្ដុំ​កូន​មេដឹកនាំ​។ បើ​យើង​មិន​ជ្រើសរើស​អ្នក​ទាំងនេះ តើ​យើង​ត្រូវ​ជ្រើសរើស​ពី​ខាង​ណា​មក​។ យើង​ត្រូវ​ជ្រើសរើស​ទៅ​តាម​របៀប​របស់​យើង ។ ខ្ញុំ​គ្រាន់តែ​យក​ឱកាស​នេះ បើក​រង្វង់​ក្រចក​ប្រាប់​ទៅ​អ្នក​ឯង​វិញ ឲ្យបាន​ច្បាស់​ហើយតួ​អង្គ​មក​ហើយ​មហា សន្និបា​ត គឺ​សម្តេច​សាយ ឈុំ ហើយ​នឹង​ថ្ងៃ​នេះ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី និង​ក្នុងនាម​ជា​អតីត​ប្រធាន​នៃ​សមាគម​មួយ​នេះ និង​ក្នុង នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​ឯក​អាច​យល់​បាន​អំពី​និន្នាការ ពិតប្រាកដ​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​កិច្ចការ​សំខាន់​តែ​ពីរ​ទេ ដែល​ក្តាប់​វា​ឱ្យ​ជាប់​ក្នុង​ដៃ​ជា​ផែ​ទី​ចង្អុល​ផ្លូវ​ទី​១៖ គឺ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ កុំឱ្យ​រឿងរ៉ាវ​អតីតកាល​វិលត្រឡប់​មក​វិញ រឿង​នេះ​គឺជា​រឿង​ដាច់ខាត តម្លៃ​ណា​ក៏​ដោយ​ត្រូវធ្វើ កុំឱ្យ​បដិវត្តន៍​ពណ៌​កើត​នៅ​កម្ពុជា​ឱ្យ​សោះ ហើយ​សម្តេច​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​យុវជន ឱ្យ​បន្ត​រួម​គ្នា​ប្រឹងប្រែង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម និង​មិន​ត្រូវ​យក​អធិបតេយ្យ​ជាតិ ទៅ​ដោះដូរ​ជាមួយ​ជំនួយ​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា “​ខ្ញុំ​បញ្ជាក់​សារជាថ្មី កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល​អព្យាក្រឹត បានតែ​ចំពោះមុខ​គណបក្សនយោបាយ និង​គណបក្ស នយោបាយ​ទេ តែ​មិន​អនុញ្ញាត ឱ្យ​អព្យាក្រឹត​រវាង​រដ្ឋាភិបាល ជាមួយ​គណបក្ស​នយោបាយ ដែល​ប៉ុនប៉ង់ ផ្តួររំលំ គេ​បង្កើត​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ដើម្បី​ការពារ​រដ្ឋ សូម​កុំ​ភាន់ច្រឡំ​លើ​ចំណុច​នេះ​ឱ្យសោះ​”​។​

​សម្តេច​តេជោ ក៏​បាន​ផ្តាំ​ដល់​យុវជន​ថា ចាប់​អ្វី​ត្រូវ​ចាប់​ឱ្យ​ប្រាកដ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ងើប​ឡើង ក្នុងនាម​ជា​ប្រជាជាតិ​ស្មើមុខ ស្មើ​មាត់​ជាមួយ​ប្រជាជាតិ​ដទៃ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ផ្តាំផ្ញើ​ទៅ​យុវជន​ខ្មែរ​ទាំងអស់​កុំ​ឆ្វេង​កុំ​ស្តាំ ត្រូវ​រក​ចំណុចកណ្តាល​មួយ ដើម្បី​ភាពជោគជ័យ​របស់​ខ្លួន ស្រប​តាម​ភាព​ឈ្លាស​វ៉ៃ​របស់ខ្លួន​មាន នៅក្នុង​សម័យ​ឌី​ជី​ផល​នេះ​៕ ​ដោយ ​៖​រចនា​

     

×