ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបើកយុទ្ធនាការពេញមួយយប់ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណី ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៩នាក់ និងចាប់បានថ្នាំញៀន ជាច្រើនប្រភេទមានចំនួនជាង១០០កញ្ចប់។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ បានបើកយុទ្ធនាការពេញមួយយប់ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៦ករណី ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៩នាក់ ចាប់យកថ្នាំញៀនជាច្រើនមុខចំនួន១២២កញ្ចប់ និងថ្នាំញៀនផ្សេងៗជាច្រើនមុខ។
សមត្ថកិច្ចឱ្យដឹងថា៖
– ករណីទី១បង្ក្រាបនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង០០និង៥០នាទី ស្ថិតនៅក្រុមទី ២ភូមិ២ សង្កាត់លេខ ១ក្រុងព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី ឃាត់ខ្លូនជនសង្ស័យបានម្នាក់ ឈ្មោះ HUA.YUNJIAAN អាយុ ៣៧ឆ្នាំ ជាជនជាតិចិន ភេទប្រុសមុខរបរធ្វើការអនឡាញ។ រីឯវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់ ទូរស័ព្ទ ១គ្រឿង។
– ករណីទី២ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង១១និង៥៥ នាទី ស្ថិតនៅក្រុមទី១១ភូមិ១ សង្កាត់លេខ២ បង្ក្រាបបទល្មើសគ្រឿងញៀន ១ករណីទៀត ឃាត់ខ្លូនជនសង្ស័យបានម្នាក់ ឈ្មោះ Jin yoagnian ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ១៤កញ្ចប់ (ធំ១ តូច ១៣កញ្ចប់) ទូរស័ព្ទ ២គ្រឿង។
– ករណីទី៣ ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោង ១៣ និង០០នាទី ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ២ នគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន ១ករណីទៀត ឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ De Xu ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៩កញ្ចប់ធំ និងWY ចំនួន ៣គ្រាប់ ទូរស័ព្ទ១គ្រឿង។
– ករណីទី៤ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ២១ និង៤០នាទី ស្ថិតនៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្ក្រាបបទល្មើស គ្រឿងញៀន ១ករណី ឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ FAN Chao ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ចាប់យកបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៩កញ្ចប់ធំ ទូស័ព្ទ ១គ្រឿង។
– ករណីទី៥ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ២១ និង៤០នាទី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ បង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី ឃាត់ខ្លូនជនសង្ស័យបាន ម្នាក់ឈ្មោះ Zhou.yang ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ១៧ កញ្ចប់K ៨កញ្ចប់ WY ២៦គ្រាប់ និង MDMA ៥គ្រាប់ កញ្ឆាមូរជាបារី មានចំនួន ៣ដើម ទូរស័ព្ទ ១គ្រឿង។
– ករណី៦ ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៨ ម៉ោង ៣ និង០០នាទីរំលងអធ្រាត្រ ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណីផ្សេងគ្នា តែជាក្រុមតែមួយ ដែលមានទីតាំងដូចខាងលើ ឃាត់ខ្លូនបានជនសង្ស័យចំនួន៥នាក់៖ ១- ឈ្មោះ Hua Zai ។ ២- ឈ្មោះ Chee Kiang
សមត្ថកិច្ចឱ្យដឹងបន្តថា ក្រោយមកបានបន្តចូលឆែកឆេផ្ទះជួល មានទីតាំងនៅសង្កាត់លេខ២ ឃាត់ខ្លូនបានជនសង្ស័យចំនួន ៣នាក់ទៀត ៖ ១- ឈ្មោះ Melvin Foo ។ ២- ឈ្មោះ Da ren ។ ៣- william Ricardo (អ្នកទាំង៥ ជាជនជាតិចិនម៉ាឡេស៊ី) ចាប់យកបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៧៨កញ្ចប់ ថ្នាំសប្បាយចំនួន ៦គ្រាប់ WY ៥គ្រាប់ កញ្ឆា១កញ្ចប់ធំ កញ្ចាប់កាហ្វេសង្ស័យជាសាធាញៀនចំនួន ៨កញ្ចប់ ថ្នាំសប្បាយប្រភេទទឹក ចំនួន៣ដប ជញ្ជីងថ្លឹង១ និងទូរស័ព្ទ ៣គ្រឿង។
លោក ស៊ុន សុផាត បានបញ្ជាក់ឱ្យដឹងទៀតថា យុទ្ធនាការចុះបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ សម្របសម្រួល ផ្នែកច្បាប់ដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា