Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រៀបចំពិធីដាក់ឱ្យដំណើរការពិព័រណ៍រូបថត“មេរៀនពីអតីតកាល – ដើមបណ្តឹងរដ្ឋប្បវេណី”

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បាន ប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនអតីតកាល -ដើមបណ្តឹងរដ្ឋប្បវេណី” ដែលជាផ្នែកមួយនៃគម្រោង សំណង “អណ្តើកក្លាហាន” និង “ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម” ។ គម្រោង នេះត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. នៅក្នុងសំណុំរឿង ០០២/០២ ហើយត្រូវបាន អនុវត្តចប់សព្វគ្រប់ដោយសមាគមវប្បធម៌ កម្ពុជា អាឡឺម៉ង់។

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជិត១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នារួម មាន ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេស សល់របស់ អ.វ.ត.ក. មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតបារាំង តំណាងស្ថានទូតជប៉ុន តំណាងស្ថានទូត បារាំង អង្គការសង្គមស៊ីវិល ដើមបណ្តឹងរដ្ឋប្បវេណី តំណាងសហគមន៍ខ្មែរឥស្លាម យុវជន គរុនិស្សិត និងសាធារណ ជនទូទៅផងដែរ។

ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា បានគូសបញ្ជាក់ថា រូបភាពដែលដាក់តាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាព អត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង។ ឯកឧត្តមបានបន្តថា ពិព័រណ៍នេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួម របស់យើងសម្រាប់អនាគតផងដែរ។ មេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ នឹងនាំយើងដើម្បីស្វែងរកសង្គមមួយ ដែលផ្តល់តម្លៃដល់ការពិត យុត្តិធម៌ និងភាពថ្លៃថ្នូររបស់មនុស្ស។

ជាមួយគ្នានេះផង ឯកឧត្តមប្រធានរដ្ឋបាលស្តីទី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ លោក Anders Jiras និង លោក ជួន សុភាព ដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តដើម្បីចាប់យករូបភាពដ៏ មានខ្លឹមសារទាំងនេះ ព្រមទាំងដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ដែលបានចែករំលែកបទពិសោធន៍ និងអនុញាតឲ្យពួក យើងបានឆ្លុះបញ្ចាំងពីអតីតកាល។

លោក នីកូឡាស មេស្នេហាម (Nicolaus Mesterharm) ជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ កម្ពុជា-អាល្លឺម៉ង់ META HOUSE ដែលជាអ្នកអនុវត្តគម្រោងសំណង “អណ្តើកក្លាហាន” បានលើកឡើងថា រូបភាពដាក់តាំងបង្ហាញនៅពេលនេះគឺជារូបភាពដែលជ្រើសរើសចេញពីអនុវត្តគម្រោងសំណងដែលមានការចូលរួមពីជនរងគ្រោះ១០០នា ក់។ រូបភាពទាំងនេះត្រូវថែរក្សាទុកយ៉ាងល្អ ហើយធានាថា យុវជនជំនាន់ក្រោយ នឹងឃើញរូបភាពដែលជាសក្ខីកម្ម នេះ ព្រមទាំងខ្សែវីដេអូ ខ្សែភាពយន្ត រូបថត គំនូរនិងឯកសារបណ្ណសារដែលរក្សាទុកប្រវត្តិសាស្ត្រឱ្យរស់នៅ។

ក្នុងកម្មវិធីនេះដែរ លោក ជួន សុភាព ដែលជាអ្នកថតរូបនិងម្ចាស់រូបភាព៣នាក់ក្នុងចំណោមរូបភាពទាំង ២០ដែលបានដាក់បង្ហាញនៅពេលនេះគឺលោក ម៉ី ពៅ លោកស្រី ព្រាប សុខឿន និងលោកស្រី នាង សាខន ជាដើម បណ្តឹងរដ្ឋប្បវេណី បានពន្យល់ដល់អ្នកចូលរួមទស្សនាទាំងអស់អំពីអារម្មណ៍ឈឺចាប់ ការជួបប្រទះនៅក្នុងរបបខ្មែរ ក្រហម ដែលមានខ្លឹមសារភ្ជាប់និងរូបភាពដែលបានតាំងបង្ហាញនេះ។

រូបថតដែលត្រូវបានបង្ហាញនៅពេលនេះមិនមែនជារូបថតធម្មតាទេ។ វាជាសក្ខីកម្មនៃអតីតកាលដែល បង្ហាញនូវ ការលំបាកវេទនា និងសុភមង្គលដែលត្រូវបានបាត់បង់។ វាជាសំឡេងរបស់អ្នកដែលស្លាប់ ហើយក៏ជា ស្លាកស្នាមរបួសអតីតកាលរបស់អ្នកដែលនៅរស់។ វាជាសម្លេងដែលហៅឲ្យយើងចងចាំនូវប្រវត្តិសាសន៍ដ៏ខ្មៅងងឹត មួយនោះ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×