ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ កុម្ភៈនេះបានដឹកនាំឯកឧត្ដមអភិបាលរង លោកនាយក នាយករងរដ្ឋបាល មន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ ដែលខណៈនោះឯកឧត្ដមបានណែនាំការងារមួយចំនួនទៀត ឱ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី០៦ខែកុម្ភៈម្សិលម៉ិញ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពី គល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្តម៉ែកសឺដេសដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងនចាប់ពីចំណុចស្តុបម៉ែកសឺដេសរហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែកនិងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែមនៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ជាប់ ដោយសារ ផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)មានប្រវែងវែងរហូតដល់៩គីឡូម៉ែត្រ ដែលទៀមទាពេលវេលាវែងដើម្បីអនុវត្ត។
លោកប្រធានមន្ទីរក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរទៅតាមល្បឿនដែលបានកំណត់និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















