ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា សមត្ថកិច្ចជំនាញបានរួមគ្នាខិតខំស្រាវជ្រាវចាប់បង្ក្រាបក្រុមចោរឆក់ចំនួនពីរក្រុមជាបន្តបន្ទាប់ ដែលធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនិងជនបរទេសតាមផ្លូវសាធារណៈ ហើយលោកបានណែនាំឲ្យសមត្ថកិច្ចជំនាញទាំងអស់បន្ត ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបកុំដកដៃចំពោះក្រុមបំផ្លាញសង្គមជាតិ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃអាទិត្យនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំបាទសូមកោតសសើរ សមត្ថកិច្ចជំនាញបានរួមគ្នា ខិតខំស្រាវជ្រាវចាប់បង្ក្រាបក្រុមចោរឆក់ចំនួនពីរក្រុម ជាបន្តបន្ទាប់ ដែលបំផ្លាញមុខមាត់ប្រទេសជាតិ និងប្រជាជនយើង (ក្រុមឆក់ប្រជាពលរដ្ឋនិងជនបរទេសតាមផ្លូវសាធារណៈ)។) សូម លោកអធិការខណ្ឌបឹងកេងកងឡើងមកទទួលប្រាក់រង្វាន់លើកទឹកចិត្តពីខ្ញុំបាទ (ចំនួន បួនលានរៀល)។ សូម សមត្ថកិច្ចជំនាញទាំងអស់បន្ត ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបកុំដកដៃចំពោះក្រុមបំផ្លាញសង្គមជាតិនេះ”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាចំនួន៤លានរៀល ដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្នុងការបង្ក្រាបបានករណីឆក់ចំនួន០២ករណី
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ចំនួន០២ករណីផ្សេងគ្នា។
ករណីទី១: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេស ប្រព្រឹត្ដនៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥។
ករណីទី២: ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥។
បច្ចុប្បន្ន ជនសង្ស័យ០៧នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

