Sunday, May 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការជំរឿនមន្ត្រី នៅថ្នាក់ជាតិ នឹងចាប់ផ្ដើមចេញពីក្រសួងមុខងារសាធារណៈ មុនគេ

ខេត្តកណ្ដាល ៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីកិច្ចការ និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និងកំពុងបន្តធ្វើយ៉ាងសស្រាក់សស្រាំជូនប្រជាពលរដ្ឋ និងអង្គពិធីបានជ្រាប។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពី សកម្មភាពដ៏មមាញឹកក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្ត វិធានការគន្លឹះចំនួន៣ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈកម្ពុជា ក្នុងគុណភាពប្រកួតប្រជែងជាលក្ខណៈសកល ក៏ដូចជាដើម្បីធ្វើយ៉ាងណាផ្តល់ជូនឱកាសដើម្បីចូលរួមក្លាយជាមន្ត្រីរាជការផង និងឱកាសក្នុងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋផង។

អ្វីដែលជាការកត់សម្គាល់នោះគឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី «យុទ្ធនាការជំរឿនមន្ត្រី» ដោយបញ្ជាក់ថា ថាគោលបំណងនៃការធ្វើជំរឿនមន្ត្រីរាជការនៅពេលខាងមុខនេះ គឺដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារពិតប្រាកដ។ ការជំរឿនមន្ត្រី គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយមិនសំដៅដល់ការសើរើព័ត៌មានមន្ត្រី ឬជាការវះកាត់ណាមួយនោះទេ។ ការធ្វើជំរឿនមន្ត្រី នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមរយៈការទទួលបានព័ត៌មាន ច្បាស់លាស់ ឈ្វេងយល់ពីបញ្ហាប្រឈម តម្រូវការ ដើម្បីផ្តល់ដំណោះស្រាយសមសម្រប និងដើម្បីការលើកកម្ពស់ ការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយ កែទម្រង់វិស័យមុខងារសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

គួររម្លឹកដែរថា ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងនីមួយៗធ្វើស្ថិតិមន្ត្រីរបស់ខ្លួនឱ្យបានច្បាស់។ ថ្ងៃមុខរាជរដ្ឋាភិបាល នឹងធ្វើប្រព័ន្ធគ្រប់គ្រងមន្ត្រីឱ្យច្បាស់លាស់។ ក្នុងនោះ សម្តេចមហាបវរធិបតី ក៏បានណែនាំ ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៅថ្នាក់ជាតិ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាព រចនាសម្ព័ន្ធជាក់ស្ដែង របស់ក្រសួង -ស្ថា ប័ន និងការជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និង ប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការអនុវត្តវិធានការកែលម្អក្រសួង -ស្ថា ប័ន ការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងហរិញ្ញវត្ថុ និងការ បំពេញមុខងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
“ការជំរឿនមន្ត្រី នៅថ្នាក់ជាតិ នឹងចាប់ផ្ដើមពីក្រសួងមុខងារសាធារណៈ មុនគេ។ ចំណែកឯនៅថ្នាក់ក្រោមជាតិ នឹងធ្វើជាបន្តបន្ទាប់ចំពោះមន្ត្រីសុខាភិបាល រួមមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក៏ដូចជាមន្ត្រីអប់រំ ដែលកំពុងបំពេញភារកិច្ចនៅតាមគ្រឹះស្ថានអប់រំសាធារណៈ រួមមាន៖ សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី