នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោងនេះមានរយៈពេល៣ឆ្នាំ(២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួសជុលដូចជា៖ សម្អាតដីចាក់បង្គរ ជួសជុលរចនាសម្ព័ន្ធប្រាសាទទាំងមូលដោយគោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរពណ៌នៅផ្នែកខាងក្នុង និងបាយអនៅលើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងភាពដើមរបស់សំណង់ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញក្រោយ។
គួរបញ្ជាក់ដែរថា ប្រាសាទក្រហមមានបាតប្រវែង១២ម៉ែត្របួនជ្រុង និងកម្ពស់១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាងគេក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់ប្រហែល៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោឈរចំនួន៨នៅតាមជ្រុងនីមួយៗ។
ដោយឡែកនៅជុំវិញបល្ល័ង្កក៏មានបដិមាចំនួន៤ផ្សេងទៀតដូចជា៖ បដិមាព្រះនាងឧម៉ារាំ នាងចាមុនដា មហាកាល និងនន្ទិកេស្វរ។ បច្ចុប្បន្ន ប្រាសាទនេះបានរងការខូចខាតដោយសារការទុកចោលជាយូរឆ្នាំ កត្តាធម្មជាតិ និងកត្តាមនុស្ស តាមរយៈការការបំផ្ទុះគ្រាប់ និងជីកកាយដើម្បីលួចវត្ថុបុរណ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទពុំមានលំនឹង មានស្នាមប្រេះបែកនៅលើផ្ទៃជញ្ជាំង ឥដ្ឋដាច់សសៃរ ពុកផុយ ជម្រាបទឹកភ្លៀង និងមានដុះរុក្ខជាតិនៅលើប្រាង្គ។
សូមអរគុណ ALIPH នៃប្រទេសស្វីសចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទនេះ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





