ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីបក្សមូលដ្ឋានទាំងអស់ ខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណា នៅសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនេះមិនឱ្យមានការលិចលង់ជំនន់ទឹកភ្លៀងតាមរយៈការមិនបោះសំរាម ចូលក្នុងលូនិងប្រឡាយទឹក។
ការណែនាំបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចោមចៅទី១និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យនាព្រឹកថ្ងៃសៅរ៍ទី១៨តុលាឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិសែនជ័យ។
ក្នុងនោះឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ត្រីគណបក្សមូលដ្ឋានត្រូវបន្តធ្វើការងារបម្រើសេវាសាធារណៈនិងផ្ដល់សេវាសាធារណៈ ឱ្យលឿនឱ្យល្អ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយ លូ ផ្លូវ ភ្លើងជូនប្រជាពលរដ្ឋឱ្យបានល្អ, ហើយណែនាំឱ្យប្រជាពលរដ្ឋ ទុកដាក់សំរាមនិងសំណល់រឹងឱ្យបានល្អ។ឯកឧត្ដមបញ្ជាក់ថា៖មន្ត្រីបក្សត្រូវតាមដានស្ដាប់ឱ្យបាននូវឧបាយកលរបស់គណបក្សដ៏ទៃ។
ត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អឱ្យគាត់ពេញចិត្តពេញថ្លើមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀតហើយឈានទៅទទួលជ័យជំនៈក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខនេះបន្តទៀត។
ឯកឧត្ដមបន្តថាយើងត្រូវបន្តរួមគ្នា ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយយើងនឹងទៅដល់ចំណុចនោះដោយយើងមានសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ។
ឯកឧត្ដមឃួង ស្រេង បានលើកឡើងទៀតថា៖ យើងពិតជាមានមោទនភាព ដែលកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ដែលបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ទៀតថា៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖បើបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ជាតិ «កុំប្រើប្រាស់លុយបាតនិងទំនិញរបស់ថៃ»។
ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងថា៖ ការស្នើសុំបញ្ហាកង្វះខាតផ្សេងៗទៀត មន្ត្រីបក្សមូលដ្ឋានទាំងអស់ អាចរាយការណ៍ស្នើសុំមករដ្ឋបាលខណ្ឌនិងរដ្ឋបាលរាជធានីភ្នំពេញភ្លាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យា តេឡេក្រាម បានវាលឿនកុំចាំបាច់ដល់មានវេទិកា ការសំណេះសំណាល ឬកិច្ចប្រជុំផ្សេងៗទើបស្នើសុំនោះ។ជាមួយគ្នានោះឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌពោធិសែនជ័យដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក។
ក្នុងឱកាសនោះ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ នៅសង្កាតើចោមចៅទី១និងចោមចៅទី២ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្តដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










