នៅទីក្រុងហ្វ៊ូចូវ ខេត្តហ្វ៊ូជៀន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នំា២០២៥ ៖ ក្នុងពេលបំពេញទស្សនកិច្ច ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Long លេខាធិការរង នៃគណៈកម្មាធិការបក្សកុម្មុយនីសចិនប្រចាំខេត្តហ្វ៊ូជៀន និងជាអភិបាលខេត្តហ្វ៊ូជៀន។ នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តហ្វ៊ូជៀន ដែលបានអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះដើម្បីចែករំលែកបទពិសោធរបស់កម្ពុជានៅក្នុងការកសាងរចនាសម្ព័ន្ធសមុទ្រ។
ចំពោះទំនាក់ទំនងទ្វេភាគី ឯកឧត្តម បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងមិត្តភាព កិច្ចសហការយ៉ាងស៊ីជម្រៅ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូពិត ភាពរឹងមាំនៃមិត្តភាពដែកថែប ឆ្ពោះទៅកសាងសហគមន៍កម្ពុជា-ចិនជាមួយនឹងអនាគតរួមគ្នា ដោយឈរលើមូលដ្ឋានសាមគ្គីភាព ភាពធន់ ទំនុកចិត្ត និងមិត្តភាពយូរអង្វែង។ ជាការឆ្លើយតប ឯកឧត្តម Zhao Long បានសំដែនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមអនុប្រធានទី១ ដែលបានអញ្ជើញដឹកនាំ
គណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទសមុទ្រដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម Zhao Long បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
ដោយឡែក នៅក្នុងពិធីបើកសន្និសីទស្ដីពីបរិក្ខារសមុទ្រពិភពលោកឆ្នាំ២០២៥ ឯកឧត្តមអនុប្រធានទី១ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ ដែលមានការចូលរួមពីគណៈប្រតិភូជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលមកពីប្រទេសចំនួន២៧ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា “ក្នុងនាមជាសមាជិកដ៏មានមោទនភាពរបស់អាស៊ាន កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ និងសមាហរណកម្មតំបន់។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានឆ្លុះបញ្ចាំងនៅក្នុង គម្រោងព្រែកជីកហ្វូណនតេជោ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាចំពោះវឌ្ឍនភាពរយៈពេលវែងពាក់ព័ន្ធនឹងដែនសមុទ្រ និងការតភ្ជាប់ក្នុងតំបន់”។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ព្រែកជីកហ្វូណនតេជោ មានលក្ខណៈលើសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ពោលគឺវាបានបង្កប់នូវស្មារតីនៃសន្និសីទនេះ ដែលបាននាំក្តីសង្ឃឹមរបស់ប្រជាជនយើងឆ្ពោះទៅរកវឌ្ឍនភាព និងចីរភាព”។
ឯកឧត្តម បានបន្តថា កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសាងសង់កំពង់ផែបៃតង និងសន្សំសំចៃថាមពល តាមរយៈការវិនិយោគថាមពលនៅលើឆ្នេរ ការលើកដាក់ទំនិញប្រើអគ្គិសនី និងប្រព័ន្ធភស្តុភារកម្មឌីជីថល ដែលនឹងជួយការពារបរិស្ថាន និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។ ខណៈដែលកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច រាជរដ្ឋាភិបាលកម្ពុជាកំពុងតម្រឹមគោលនយោបាយជាតិជាមួយនឹងវិស័យអាទិភាពចំនួន២ គឺកំណើនបៃតង និងបរិវត្តកម្ម
ឌីជីថល។ ក្នុងន័យនេះ ឧស្សហកម្មសមុទ្រនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងភ្ជាប់ការរីកលូតលាស់ប្រកបដោយចីរភាពរបស់កម្ពុជាជាមួយពាណិជ្ជកម្មតំបន់ និងពិភពលោក។
ក្រោយពីបានអញ្ជើញថ្លែងនៅក្នុងពិធីបើកសន្និសីទ ឯកឧត្តមអនុប្រធានទី១ ក៏បានអញ្ជើញបន្តថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មសមុទ្រអាស៊ាន-ចិន ឆ្នាំ២០២៥”។ ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនអ្នកចូលរួមអំពីអាទិភាពជាយុទ្ធសាស្រ្តរបស់កម្ពុជាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការផ្លាស់ប្តូរបៃតង និងបរិវត្តកម្ម ឌីជីថល។ ឯកឧត្តម មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងរយៈពេលវែងនៃវិស័យសមុទ្រ គឺអាស្រ័យទៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យានៃ ឧស្សាហកម្ម៤.០ តួយ៉ាង ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធ
ភស្តុភារកម្មឌីជីថល។ ដូច្នេះ កម្ពុជាផ្ដល់សារៈសំខាន់ទៅលើតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងដំណើរការផ្លាស់ប្តូរនេះ តាមរយៈការផ្តល់លទ្ធភាពដល់ SMEs ក្នុងការទទួលបាននូវស្តង់ដារបៃតង និងបញ្រា្ជបខ្លួនទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
នៅចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី១ ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយដៃគូនៅក្នុងអាស៊ាន និងប្រទេសចិន សំដៅកសាងឧស្សាហកម្មដែនសមុទ្រដែលមានភាពធន់ សំឡឹងឆ្ពោះទៅមុខ និងប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី



