ខេត្តស្វាយរៀង ៖ ឈ្មួញស្រីប្រុស ២ នាក់ ដឹកសត្វប្រវឹកចំនួន ២៤ ជាល ស្មើ ៥២៨ ក្បាល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ(អង្គការវ៉ាយអេត)បង្ក្រាបចាប់ឃាត់ខ្លួននិងដកហូតវត្ថុតាងមានសត្វប្រវឹក ៥២៨ ក្បាល រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A4954 និងធ្វើការផាកពិន័យជាប្រាក់ជិត៤ពាន់ដុល្លារ ថ្នូរដោះលែងជនល្មើសឲ្យមានសេរីភាពវិញដើម្បីបញ្ចប់រឿងនាំវែងឆ្ងាយ។
បើតាមប្រភពពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង បានបង្ហើបឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ការបង្ក្រាបបទល្មើសសត្វព្រៃនេះ ធ្វើឡើងនៅវេលាម៉ោង ៥និង៥០នាទី ល្ងាច ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិស្នាយគ្រាង ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈជនល្មើសបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម។
ប្រភពដដែលបន្តទៀតថា ៖ ដោយមានការសង្ស័យថា មានរថយន្ត១គ្រឿងម៉ាកសាំយ៉ុងដឹកសត្វព្រៃមកពីខេត្តកំពង់ចាម ចូលមកខេត្តស្វាយរៀង តាមផ្លូវជាតិលេខ៣១៥ ក្រុមសមត្ថកិច្ចចម្រុះ នៃអង្គការវ៉ាយអេដ ដែលជាក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើស្វាយរៀង និងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានចុះបង្ក្រាបចាប់ឃាត់រថយន្តបទល្មើសខាងលើរួមទាំងវត្ថុតាងសត្វព្រៃ គឺសត្វប្រវឹកចំនួន ២៤ ជាល ស្មើ ៥២៨ ក្បាល នៅត្រង់ចំណុចភូមិស្នាយគ្រាង ព្រមទាំងឃាត់ខ្លួនមនុស្ស២នាក់ ស្រីម្នាក់បញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួររួចនៅវេលាម៉ោង៩និង០០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ចិកា ដោយពិនិត្យឃើញថា សត្វប្រវឹកទាំង ៥២៨ ក្បាលមានសុខភាពមិនសូវល្អ ក៏បានសម្រេចបញ្ជូនសត្វប្រវឹកទាំង ៥២៨ ក្បាល ទៅកាន់សួនសត្វភ្នំតាម៉ៅដើម្បីសង្គ្រោះ។
ដោយសត្វប្រវឹកគឺជាសត្វប្រភេទមានដោយបង្គួរ ច្បាប់តម្រូវឲ្យជនល្មើសបង់ប្រាក់ផាកពិន័យតាមអន្តរកាលនៃច្បាប់ព្រៃឈើ បើជនល្មើសយល់ព្រមបង់តាមការផាកពិន័យគឺរួចពីការចោទប្រកាន់។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩វិច្ឆិកា ក្រុមចម្រុះបង់ផាកពិន័យសត្វប្រវឹក១ក្បាលតម្លៃ១០ដុល្លារx៥២៨ក្បាលស្មើ៥២៨០ដុល្លារដោយឈ្មួញគ្មានប្រាក់បង់ក៏នៅតវ៉ា សុំបញ្ចុះតម្លៃ១ក្បាលនៅត្រឹម ៨ ដុល្លារ ×៥២៨ ក្បាល ស្មើ ៤២២៤ ដុល្លារ ឈ្មួញនៅតែមិនព្រមបង់ផាកពិន័យ ក៏ធ្វើរបាយការណ៍បញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចុងក្រោយឈ្មួញបានសុំអង្វរបង់ផាកពិន័យ១ក្បាល ៦ ដុល្លារ x៥២៨ក្បាលស្មើ ៣,១៦៨ ដុល្លារ ទើបរួចផុតពីការចោទប្រកាន់ហើយដោះលែងឈ្មួញទាំង២នាក់ឲ្យមានសេរីភាពវិញ នៅវេលាម៉ោង ៥និង៣៩នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះសត្វប្រវឹក ៥២៨ ក្បាល ដកហូតយកទៅលែងនៅរមណីយដ្ឋានសត្វព្រៃភ្នំតាម៉ៅ រីឯរថយន្តត្រូវដកហូតទុករយៈពេលមួយខែទើបឲ្យម្ចាស់រថយន្តធ្វើសំណើសុំយកទៅប្រើប្រាស់វិញបាន។
ទាក់ទិនករណីឈ្មួញដឹកសត្វព្រៃឆ្លងដែនទៅប្រទេសវៀតណាមនេះនាពេលកន្លងមក ប្រជាពលរដ្ឋធ្លាប់បានបង្ហើបឲ្យដឹងថា មានឈ្មួញរកស៊ីសត្វព្រៃគ្រប់ប្រភេទឆ្លងដែនទៅប្រទេសវៀតណាមស្ទើររាល់ថ្ងៃ គឺដឹកចេញតាមរថយន្ត មានសត្វស្លាប សត្វស្វា សត្វពស់ អណ្តើក និងត្រកួតជាដើមក៏ប៉ុន្តែយូៗទើបចាប់បានម្តងដោយខេត្តស្វាយរៀងមានច្រករបៀងច្រើនពិបាកក្នុងការបង្ក្រាប រឺអាចសង្ស័យមកពីការចចារតំលៃធ្វើប៉ាស្ព័រនិងវីសាចេញក្រៅប្រទេសមិនត្រូវគ្នាផងក៏ថាបាន៕ ដោយ ៖ វ៉ៃគោ