Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ សហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និង ទូរគមនាគមន៍ ចូលរួមជំរុញ និងទាក់ទាញធុរកិច្ច និង ការ វិនិយោគបន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាច្រើនបន្ថែមទៀត

រាជធានីភ្នំពេញ : សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ សហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និង ទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្តពិភាក្សាលើ សំណូមពរ និង បញ្ហាប្រឈមនានា ព្រមទាំងចូលរួមជំរុញ និងទាក់ទាញធុរកិច្ច និង ការ វិនិយោគបន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាច្រើនបន្ថែមទៀត សម្រាប់ សង្គម និងសេដ្ឋកិច្ចជាតិ។

រសៀលថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរូមបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

បរិវត្តកម្មឌីជីថលមិនគ្រាន់តែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់ឱកាស និងប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យសំខាន់ៗដូចជា វិស័យសុខាភិបាល, កសិកម្ម និងអប់រំ ដែលតាមរយៈបច្ចេកវិទ្យាឌីជីថល អាចតភ្ជាប់គម្លាតនៃការថែទាំសុខភាពរវាងតំបន់ទីក្រុង និងតំបន់ដាច់ស្រយាល ឬតាមរយៈឧបករណ៍ឌីជីថល អាចឱ្យកសិករចាប់យកវិធីសាស្ត្រអនុវត្តកម្មឆ្លាតវៃ, បង្កើនផលិតភាព និងចូលទីផ្សារដោយផ្ទាល់យ៉ាងឆាប់រហ័ស។

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជា ឆ្នាំ២០៥០ ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ(FMIS) និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត ដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ នៅក្នុងក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកំណត់យកការផ្លាស់ប្តូររបៀបរបបការងារលើឯកសារក្រដាស ទៅជាការងារលើឯកសារអេឡិចត្រូនិកព្រមទាំងការផ្លាស់ប្តូរពីការស្នើសុំ និង ផ្តល់សេវាសាធារណៈដោយផ្ទាល់ ទៅជាការស្នើសុំ និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីធានាថា សេវាកម្មត្រូវបានផ្តល់ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ចំណេញពេល មានភាពសាមញ្ញ និងភាពងាយស្រួល ហើយអាចចូលរួម កាត់បន្ថយការិយាធិបតេយ្យនិង អំពើពុករលួយ ។

អនុសាសន៍របស់សម្តេចមហាបវរធិបតី:

១. ត្រូវបន្តពង្រឹងអភិបាលកិច្ចក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, អភិវឌ្ឍសមត្ថភាពស្ថាប័ន និង ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការកែទម្រង់ដែលបានអនុវត្តកន្លងមក ដើម្បីប្រែក្លាយទៅជាស្ថាប័នគំរូ សម្រាប់ដឹកនាំគ្រប់គ្រងវិស័យស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពខ្ពស់។

២. ត្រូវបន្តពន្លឿនការរៀបចំសេចក្តីព្រាងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលការណ៍ណែនាំពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជា ពិសេស បច្ចេកវិទ្យាឈានមុខថ្មីៗ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សា ទិន្នន័យធំ បច្ចេកវិទ្យាភ្លោះដ បច្ចេកវិទ្យាប្លុកឆេន និង បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ។

៣. ត្រូវបន្តពង្រឹងគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្តលើសេវាប្រៃសណីយ៍ និង ការ អភិវឌ្ឍវិស័យប្រៃសណីយ៍ ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការបន្ត ពង្រឹងប្រតិបត្តិការរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា ការពង្រីកបណ្តាញប្រៃសណីយ៍ឱ្យបាន ទូលំទូលាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍គន្លឹះ៖ រួមមាន ឃ្លាំងភស្តុភារកម្ម ប្រៃសណីយ៍ និងភណ្ឋាគារគយមានដែនកំណត់ការដឹកជញ្ជូនគោលដៅចុងក្រោយ និង ការ ត្រៀមដាក់ឱ្យប្រើប្រាស់ថ្នាល DGPost ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីប្រៃសណីយ៍រស់រវើក។ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និង ធនាគារជាតិនៃកម្ពុជា ដែលជា តួអង្គសំខាន់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវ សហការដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យដំណើរការបានល្អ ដោយ លុបបំបាត់ការលក់ទំនិញក្លែងក្លាយ និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។

៤. ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ុនធឺណិត តាមរយៈការសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័ត ការស្ថាបនាបណ្តាញខ្សែកាបលើអាកាស និងក្រោមដី ការបញ្ចប់គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រឱ្យបានឆាប់ និងការ ស្ថាបនាបណ្តាញខ្សែកាបអុបទិកទៅដល់គ្រប់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានតម្រូវការ។

សម្តេចបវរធិបតី ក៏ណែនាំឱ្យក្រសួងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់ ទី៥ (៥G) ដើម្បីឱ្យរាជរដ្ឋាភិបាលកំណត់ពេលសមរម្យមួយក្នុងការដាក់ឱ្យដំណើរការសេវានេះ។ ទន្ទឹមនេះ, សម្តេចបវរធិបតី ក៏ណែនាំឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់ កិច្ចសហការឱ្យបានពេញលេញ ក្នុងការជួយសម្រួល និងពន្លឿននីតិវិធីផ្តល់ការអនុញ្ញាតក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ដោយត្រូវចាត់ទុកថា សេវាទូរស័ព្ទ និងអ៊ុនធឺណិត គឺជា សេវាសារវន្ត ដូចសេវាអគ្គិសនី និង ទឹកស្អាត ផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចបវរធិបតី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពី ស្ថានីយអង់តែនទូរស័ព្ទចល័ត, ពីព្រោះ តាមការសិក្សារបស់អង្គការសុខភាពពិភពលោក គឺពុំមាន ភស្តុតាងវិទ្យាសាស្រ្តណាដែលបង្ហាញថា ស្ថានីយអង់តែនទូរស័ព្ទចល័ត អាចបង្កផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋទេ ហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែន ប្រទេសទាំងអស់ ជាពិសេស ប្រទេសអភិវឌ្ឍមិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ។

៥. ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និង នវានុវត្តន៍លើវិស័យ បច្ចេកវិទ្យាឌីជីថល, ជាពិសេស បច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ ព្រមទាំងទាញយកប្រយោជន៍ ជាអតិបរមា និង កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាទាំងនេះ។

ក្រសួង ត្រូវរៀបចំផែនការយុទ្ធសាស្ត្រ និង ផែនការវិនិយោគតាមដំណាក់កាល ដើម្បីកសាង ប្រព័ន្ធអេកូឡូស៊ីជាតិ សម្រាប់អភិវឌ្ឍបច្ចេកវិទ្យាឈានមុខថ្មីៗ ដែលរួមមាន អភិបាលកិច្ច ធនធានបច្ចេកវិទ្យាឌីជីថល, ធនធានមនុស្ស, បច្ចេកទេស និងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាឌីជីថ លថ្មីៗ។ ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានភាពលេចធ្លោជាងគេបង្អស់ ហើយនាំមកនូវ ផលវិជ្ជមាន និង អវិជ្ជមានផង ដូច្នេះ ក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវរៀបចំ អភិបាលកិច្ចឱ្យទាន់ពេល។ ទន្ទឹមនឹងនេះ, ក្រសួង ត្រូវបន្តសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង-ស្ថាប័នពាក់ ព័ន្ធ ជំរុញការស្រាវជ្រាវ, ការអភិវឌ្ឍ នរ៉ានុវត្តន៍ និង ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នេះ ដើម្បីបម្រើឱ្យការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន។ ក្រសួង ក៏ត្រូវតាមដាន សិក្សាស្រាវជ្រាវ និង ស្វែងយល់នូវរាល់និន្នាការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗ ក្នុងកម្រិតតំបន់ និងពិភពលោក។

៦. ត្រូវបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈ កម្មវិធីអក្ខរកម្មឌីជីថល, កម្មវិធីអប់រំឌីជីថល កម្រិតឧត្តមសិក្សា, កម្មវិធីបណ្តុះបណ្តាលពង្រឹងជំនាញឌីជីថលក្នុងចំណោមមន្ត្រីរាជការ និង កម្មវិធីភាពជាអ្នកដឹកនាំឌីជីថល ។ ក្រសួង ត្រូវរៀបចំផែនការបង្កើនការយល់ដឹងអក្ខរកម្មឌីជីថល ឱ្យស្របតាម “ក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន”។ ចំពោះ កម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា, សម្តេចបវរធិបតី គាំទ្រ និង លើកទឹកចិត្តឱ្យក្រសួងបន្តផ្តល់ អាហារូបករណ៍ និង ជំនួយហិរញ្ញវត្ថុ ដល់សិស្សឆ្នើមឱ្យបានកាន់តែច្រើន និង បន្តអនុវត្តគម្រោង ប្រកួតប្រជែងនៅកម្រិតគ្រឹះស្ថានអប់រំ ដើម្បីបញ្ជាប និង ផ្សព្វផ្សាយការយល់ដឹងអំពីសារៈ សំខាន់នៃបច្ចេកវិទ្យាឌីជីថលជាសាធារណៈ។

សម្តេចបវរធិបតី ក៏វាយតម្លៃខ្ពស់ និង គាំទ្រចំពោះក្រសួង ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការធ្វើបរិវត្តកម្ម ឌីជីថល និងការផ្តល់មធ្យោបាយបច្ចេកវិទ្យាឌីជីថល ដល់គ្រឹះស្ថានឧត្តមសិក្សា ជាពិសេស ក្នុងការផ្សារភ្ជាប់ការអប់រំជំនាញឌីជីថលទៅនឹងសួនឌីជីថល (Digital Park) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យបានកាន់តែល្អ ប្រសើរ និង ផ្តល់លទ្ធភាពងាយស្រួលដល់សិស្សនិស្សិត អាចទទួលបានការងារនៅកន្លែងផ្ទាល់ ឬ ការងារពីចម្ងាយ ដោយ សហការជាមួយក្រុមហ៊ុនធំៗ នៅតំបន់ Silicon Valley នៃសហរដ្ឋ-អាម៉េរិក និង មជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលផ្សេងៗទៀត។

៧. ដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវតែរៀបចំធនធានមនុស្ស ជំនាញឌីជីថល សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង និងការផ្តល់សេវា សាធារណៈឌីជីថលដល់វិស័យឯកជន និងប្រជាពលរដ្ឋ។ សម្តេចបវរធិបតី លើកទឹកចិត្ត ឱ្យក្រសួង បន្តជួយបណ្តុះបណ្តាលមន្ត្រីរាជការឱ្យចេះប្រើប្រាស់ឧបករណ៍ឌីជីថល និង កម្មវិធី សុសវែរ (Software) ផ្សេងៗសម្រាប់កិច្ចការការិយាល័យ និង ជំរុញបញ្ចប់ការកសាងផែនការ សកម្មភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន ដែលមិនទាន់រៀបចំរួច។ ក្រសួង ក៏ត្រូវបន្ត សហការជាមួយ ក្រសួងមុខងារសាធារណៈ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបញ្ចប់សេចក្តី ព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍នៃការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន ប៉ុន្តែចំពោះការអនុវត្តការងារបរិវត្តកម្មឌីជីថលដែលជាមុខងារគាំទ្រ ត្រូវរង់ចាំរហូតដល់មានការ សម្រេចអនុញ្ញាតសិន។ ទន្ទឹមនឹងនេះ, គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការ សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធាន ការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ត្រូវ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសេវាសាធារណៈឌីជីថលនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិឱ្យទូលំទូលាយ និង មានប្រសិទ្ធភាពខ្ពស់។

៨. ត្រូវយកចិត្តទុកដាក់គិតគូរអំពីអភិបាលកិច្ច និង ការគ្រប់គ្រងទិន្នន័យ ការរៀបចំនិម្មាបនកម្ម រដ្ឋាភិបាលឌីជីថល ការធ្វើអន្តរប្រតិបត្តិការ ការធ្វើកូដនីយកម្មទិន្នន័យ និង ការរក្សាទុកទិន្នន័យ នៅក្រសួង-ស្ថាប័នសាមី ស្របតាមគោលការណ៍សុវត្ថិភាពទិន្នន័យ និង សន្តិសុខសាយបរ។ ក្រសួង ត្រូវពន្លឿនការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅ បាន។ រាល់ការអភិវឌ្ឍថ្នាល និងកម្មវិធីឌីជីថលរបស់គ្រប់ក្រសួង-ស្ថាប័ន ត្រូវឆ្លងការពិនិត្យ និង វាយតម្លៃផ្នែកបច្ចេកទេសដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

៩. សម្តេចបវរធិបតី គាំទ្រដល់ការដាក់ឱ្យប្រើប្រាស់សាកល្បងនូវថ្នាល DG SuperApp នៅខែ មីនា ខាងមុខនេះ។

១០. ត្រូវផ្តល់កិច្ចសហការ និង ជំនួយបច្ចេកទេសផ្នែកសន្តិសុខសាយបរដល់ ក្រសួង-ស្ថាប័ន ដើម្បី ការពារថ្នាល និង កម្មវិធីឌីជីថល តាមរយៈការពង្រឹងយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ការដាក់ឱ្យអនុវត្តបទប្បញ្ញត្តិផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ និង ការ ដាក់ឱ្យអនុវត្តនិម្មាបនកម្មសន្តិសុខសាយបរ នៅតាមក្រសួង-ស្ថាប័ន ដើម្បីអាចតភ្ជាប់មក មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួង-ស្ថាប័នដែលមិនទាន់មានបទប្បញ្ញត្តិផ្ទៃក្នុង និងនីតិវិធីនេះ អាចពិចារណាយកទៅប្រើ ប្រាស់តាមតម្រូវការបាន។ សម្តេចបវរធិបតី ណែនាំឱ្យក្រសួង បន្តចូលរួមជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមាន ប្រសិទ្ធភាព ក៏ដូចជាជំរុញយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពអនឡាញ ជា ពិសេស ការការពារកុមារតាមប្រព័ន្ធអនឡាញ និង ការផ្សព្វផ្សាយតាមក្រុមហ៊ុនបច្ចេកវិទ្យា និង គ្រឹះស្ថានអប់រំ ។ល។

១១. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ សហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និង ទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្តពិភាក្សាលើ សំណូមពរ និង បញ្ហាប្រឈមនានា ព្រមទាំងចូលរួមជំរុញ និងទាក់ទាញធុរកិច្ច និង ការ វិនិយោគបន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាច្រើនបន្ថែមទៀត សម្រាប់ សង្គម និងសេដ្ឋកិច្ចជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×