សៀមរាប ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទិដ្ឋភាពភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជា ជាច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូកដែលតំណាង ឲ្យសាមគ្គីភាពនិងកម្លាំង។
នៅពេលរាត្រីដងស្ទឹងត្រូវបានបំភ្លឺ ដោយពន្លឺប្រទីបចម្រុះពណ៌ដែលអណ្តែតតាមផ្ទៃទឹក ខណៈប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុក តាមប្រពៃណី។
ភាពរីករាយនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់ អំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរក្នុងលក្ខណៈ ជាមហាគ្រួសារ ខ្មែរ តែមួយក្រោមម្លប់សន្តិភាព។
រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធីមួយចំនួន រួមមាន៖ កម្មវិធីជិះ ទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុន ខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃអង្គារ ១៤កើត ដល់ថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្ដារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តតាមរយៈ ការគាំទ ផលិតខ្មែរ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”។
រដ្ឋបាលខេត្តសៀមរាប មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និមន្ត យាង និងអញ្ជើញចូលរួមទស្សនាកម្សាន្ត សប្បាយឱ្យបានច្រើនកុះករ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



























