វៀតណាម៖ តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសមនុស្សចំនួន ១៨៨នាក់ ក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈគម្រោងវិនិយោគក្លែងក្លាយ ដែលបានបោកប្រាស់ប្រាក់ពីជនរងគ្រោះជាង ៩០០នាក់ អស់ទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។
នៅក្នុងចំណោមជនជាប់ចោទទាំងនោះ ក៏មានវិនិយោគិនដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់ចូលរួមក្នុងកម្មវិធីទូរទស្សន៍ Shark Tank Vietnam ផងដែរ។
យោងតាមមន្ត្រីតុលាការម្នាក់ តុលាការក្នុងទីក្រុងហាណូយបានរកឃើញថា ជនជាប់ចោទភាគច្រើនមានពិរុទ្ធភាពពីបទឆបោក និងលាងលុយកខ្វក់ តាមរយៈបណ្តាញវិនិយោគក្លែងក្លាយនេះ។
ជនជាប់ចោទភាគច្រើនត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារលើសពី ១០ឆ្នាំ ខណៈមេខ្លោងសំខាន់ពីរនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
មេខ្លោងទាំងពីរនាក់នោះរួមមាន លោក Pho Duc Nam ហៅក្រៅថា «Mr Pips» ដែលជាអ្នកដឹកនាំបណ្តាញឆបោក និងលោក Le Khac Ngo ហៅក្រៅថា «Mr Hunter» ដែលទទួលខុសត្រូវលើប្រតិបត្តិការបណ្តាញនេះ។
តាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បណ្តាញឆបោកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានមនុស្សប្រមាណ ១.៧០០នាក់ចូលរួមធ្វើការឱ្យវេទិកាជួញដូររូបិយប័ណ្ណបរទេស និងមូលបត្រអន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគ។
ក្រុមឆបោកបានប្រើប្រាស់វិធីសាស្ត្របង្កើតសហគមន៍តាមអនឡាញ និងចាត់តាំងសមាជិកឱ្យក្លែងខ្លួនជាអ្នកជំនាញហិរញ្ញវត្ថុ ឬវិនិយោគិនដែលទទួលបានជោគជ័យ ដើម្បីកសាងទំនុកចិត្ត និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគ។
រដ្ឋអាជ្ញាបានឱ្យដឹងថា ជនរងគ្រោះមួយចំនួនបានធ្លាក់ខ្លួនជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងត្រូវលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន បន្ទាប់ពីបាត់បង់ប្រាក់ក្នុងគម្រោងឆបោកនេះ។
ចំណែកលោក Nguyen Hoa Binh ដែលមានរហស្សនាមថា «Shark Binh» និងជាវិនិយោគិនដ៏ល្បីឈ្មោះក្នុងកម្មវិធីទូរទស្សន៍ Shark Tank Vietnam ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទលាងលុយកខ្វក់។
យោងតាមគេហទំព័រព័ត៌មានរដ្ឋ VnExpress លោក Binh ដែលធ្លាប់ជាប្រធានក្រុមហ៊ុន NextTech ដែលត្រូវបានគេហៅថា «Alibaba របស់វៀតណាម» បានផ្តល់សក្ខីកម្មនៅតុលាការថា លោកបានបង្កើតក្រុមហ៊ុនមួយទៀតក្នុងឆ្នាំ២០១២ ហើយបានពង្រីកអាជីវកម្មរហូតក្លាយជាក្រុមហ៊ុនជាង ១០ ដែលបណ្តាញរបស់លោក Nam បានប្រើប្រាស់សម្រាប់ប្រតិបត្តិការលាងលុយកខ្វក់។
ជាមួយគ្នានេះ របាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីខែកក្កដា បានបង្ហាញថា ជនរងគ្រោះពីអំពើឆបោកតាមអនឡាញឆ្លងដែននៅតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ បានខាតបង់ប្រាក់រហូតដល់ ១១៤,១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។
របាយការណ៍ដដែលបានបញ្ជាក់ថា ទំហំទឹកប្រាក់ខាតបង់នេះបានកើនឡើងយ៉ាងហោចណាស់ ៣ដង បើធៀបនឹងឆ្នាំ២០២៣ ដែលបង្ហាញពីការកើនឡើងនៃផលប៉ះពាល់ពីអំពើឆបោកតាមប្រព័ន្ធអនឡាញក្នុងតំបន់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




