ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ឃាត់ខ្លួនជនសង្ស័យ ៧៨នាក់ និងដកហូតកាណូត ១៣គ្រឿង !!

ខេត្តសៀមរាប៖ កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧៨នាក់ ក្នុងនោះមានស្ត្រី ២២នាក់ និងដកហូតកាណូតចំនួន ១៣គ្រឿង ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីកម្លាំងយោធភូមិភាគទី៤ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប និងខេត្តកំពង់ធំ កម្លាំងវរសេនាតូចការពារអាកាសយោធភូមិភាគទី៤ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធ។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានបែងចែកជា ៤គោលដៅ ក្នុងនោះមាន ៣គោលដៅនៅខេត្តសៀមរាប រួមមាន សង្កាត់ចុងឃ្នៀស និងសង្កាត់ជ្រាវ ក្រុងសៀមរាប ឃុំកែវពណ៌ ស្រុកពួក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងឃុំអន្លង់សំណរ ស្រុកជីក្រែង។ ចំណែកគោលដៅទី៤ ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា កម្លាំងចម្រុះបានដកហូតកាណូតចំនួន ១៣គ្រឿង ឈ្នាងអូសលៀស ១៣គ្រឿង កញ្ច្រែងរែងលៀស ១៣គ្រឿង របាំងសាច់អួនចំនួន ១០របាំង ប្រវែងសរុប ៧៩០ម៉ែត្រ ឡុកសាច់អួន ១០គ្រឿង លបលូសាច់អួន ១០មាត់ និងបង្គោលចម្រឹងចំនួន ២៥០ដើម។

សមត្ថកិច្ច បានបន្តថា ក្រៅពីការដកហូតឧបករណ៍នេសាទខុសច្បាប់ សមត្ថកិច្ចក៏បានប្រមូលលៀសប្រមាណ ១,៣០០គីឡូក្រាម និងកូនត្រីចម្រុះប្រមាណ ៤០គីឡូក្រាម ពីក្រុមអ្នកនេសាទ ហើយបានចាក់ប្រលែងចូលក្នុងទឹកទន្លេវិញ ដើម្បីចូលរួមការពារ និងអភិរក្សធនធានជលផលនៅបឹងទន្លេសាប។

ជាមួយគ្នានេះ សមត្ថកិច្ចបានអប់រំណែនាំប្រជានេសាទចំនួន ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកាណូតចំនួន ២គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ៧៨នាក់ ក្នុងនោះមានស្ត្រី ២២នាក់ ដើម្បីចាត់ការតាមនីតិវិធី។

អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ដោយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត នៅពេលប្រទះឃើញបទល្មើសនេសាទ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារធនធានជលផល ព្រមទាំងប្រព័ន្ធអេកូឡូស៊ីនៅតំបន់បឹងទន្លេសាប។

អាជ្ញាធរក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការចាប់លៀសតូចៗ ដើម្បីលក់ទៅប្រទេសជិតខាង ព្រោះសកម្មភាពទាំងនេះអាចបង្កផលប៉ះពាល់ដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីនៅបឹងទន្លេសាប។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម