Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ប្រមូលបច្ច័យជាង៧លានរៀល ចូលរួមកឋិនទានសាមគ្គីកសាងវត្តទួលឃ្លាំង

ខេត្តត្បូងឃ្មុំ៖ គ្រប់ទីវត្តអារាមនៅក្នុងខេត្តត្បូងឃ្មុំក្នុងរដូវបុណ្យកឋិនទានគឺមានការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ដោយឡែកសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក គង់ សុភាព អនុប្រធានកិត្តិយសសមាគម និងលោក ស៊្រុន សារក្ស ប្រធានសាខាសមាគមខេត្ត បានដឹកនាំសមាជិក-សមាជិកា សមាគម ចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ដោយមានត្រៃធំចំនួន ៤ និង ២លៀង រួមទាំងបច្ច័យចំនួន ៧,៣០០,០០០រៀល ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តកថាវត្ថុមន្តារាម (ទួលឃ្លាំង) ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មួយនោះគឺគេឃើញមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទផលផុសទៀតផង។

លោក គង់ សុភាព និងលោក ស៊្រុន សារក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសមាគម ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីនេះ ដើម្បីរួមចំណែកចាប់មគ្គផលក្នុងអង្គបុណ្យកឋិនជាមួយសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត។ លោកទាំងពីរបានអនុមោទនា និងជូនពរឱ្យអ្នកចូលរួមទាំងអស់ទទួលបាននូវអានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

លោកអនុប្រធានកិត្តិយស និងលោកប្រធានសាខាសមាគម បានគូសបញ្ជាក់ថា ការជួបជុំធ្វើបុណ្យធ្វើទាននាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គសេនាបហាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្មីៗនេះ សម្ដេចទាំងទ្វេ រួមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត បានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយជ្រោមជ្រែងនិងសាទរយ៉ាងក្រៃលែងពីសហគមន៍អន្តរជាតិ។

លោក គង់ សុភាព និងលោក ស៊្រុន សារក្ស បានបញ្ជាក់បន្ថែមថា សន្តិភាពគឺជាទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ចាំបាច់ត្រូវចូលរួមការពារថែរក្សាសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃឱ្យបានគង់វង្សយូរអង្វែងតទៅទៀត។ ការចូលរួមធ្វើបុណ្យកឋិនទានសាមគ្គីនេះ ក៏ជាការរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងបានបង្ហាញឱ្យកូនចៅជំនាន់ក្រោយមើលឃើញនូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើងពីបុរាណកាលរហូតមកដល់សព្វថ្ងៃ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×