ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំមន្ត្រីជំនាញ និងក្រុមសណ្តាប់ធ្នាប់ខណ្ឌ បាននាំគ្នាកាន់ប្លង់កម្មសិទ្ធិ ជាមួយនឹងម្ចាស់ដីឡូត៍ ចុះទៅវាស់វែង និងបោះបង្គោលរំលោភលើដងផ្លូវលេខ១៩៧២ ឲ្យបុគ្គលម្នាក់ ដែលការបោះបង្គោលនោះ នៅកណ្តាលផ្លូវចេញពីរបងចាស់ របស់បុគ្គលនោះ ប្រវែងប្រមាណ៥ម៉ែត្រ។ ការបោះបង្គោលនោះ បានបង្កការផ្ទុះតវ៉ាពីប្រជាពលរដ្ឋប្រមាណ១០គ្រួសារ ដោយស្នើឲ្យអាជ្ញាធរខណ្ឌដកបង្គោលនោះចេញ ។
រហូតដល់ ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ បានផ្ទុះការតវ៉ាជាថ្មី និងនាំគ្នារារាំងជាលើកទី២ បន្ទាប់ពីអាជ្ញាធរខណ្ឌសែនសុខ និងតំណាងម្ចាស់ដីឡូត៍មួយកន្លែង យកសំណាញ់លួស បម្រុងមកហ៊ុមព័ទ្ធដី ដែលកំពុងមានទំនាស់ ដោយចោទការធ្វើរបងនោះរំលោភយកដីផ្លូវ។
ចំណែកឯការហេតុការណ៍ផ្ទុះការតវ៉ាលើកទី១ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង២រសៀលថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានគេឃើញកម្លាំងសណ្តាប់ធ្នាប់ ស្ថិតនៅក្នុងឯកសណ្ឋានដូចគ្នា សស្រាកស្រស្រាំណាស់នៅក្នុងការបោះបង្គោលព្រំដីឲ្យបុគ្គលមានអំណាចម្នាក់ ដោយរំលោភយកដីផ្លូវ។
នៅពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅវាស់វែងបោះបង្គោលនោះ ប្រជាពលរដ្ឋក៏បាននាំគ្នារេរាំង មិនឲ្យបោះបង្គោលនោះទេ និងចោទអាជ្ញាធរធ្វើបែបនេះ ដើម្បីតែលុយតែប៉ុណ្ណោះ ។
តាមប្រជាពលរដ្ឋបានចោទប្រកាន់ថា ការបោះបង្គោលរបស់អាជ្ញាធរនោះ គឺរំលោភលើដងផ្លូវលេខ១៩៧២ និងពង្រីកចេញពីរបងព្រំដីចាស់របស់នៅឡូតិ៍៍នោះប្រវែង៥ម៉ែត្រតែម្តង ។ តាមប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីអំឡុងឆ្នាំ២០១០ ប្លង់ផ្លូវស្ថិតនៅផ្នែកខាងជើង ហើយគម្រោងពង្រីកផ្លូវដែលបាញ់ថ្នាំស្រាប់នោះ ផ្នែកខាងជើងដែរ ស្រាប់តែពេលនេះអាជ្ញាធរ និងមន្ត្រីជំនាញបានចុះទៅវាស់វែងហើយ បោះបង្គោលពង្រីកដីឲ្យបុគ្គលមានអំណាចម្នាក់ និងរំកិលផ្លូវមកផ្នែកខាងត្បូង ដោយអះអាងថា វាស់វែង និងបោះបង្គោលតាមប្លង់កម្មសិទ្ធិទៅវិញ ។
បើអាជ្ញាធរវាស់វែងរំកិលផ្លូវបែបនេះ តើផ្ទះរបស់ពួកគាត់ប្រមាណជាង១០គ្រួសារ ដែលរស់នៅតាំងពីឆ្នាំ១៩៧៩មកនោះ ច្បាស់ជាចំផ្លូវតែម្តង ។ ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ទៀតថា កាលពីមុនប្លង់ដីឡូតិ៍ ដែលអាជ្ញាធរចុះបោះបង្គោលនោះ គឺត្រឹមរបងចាស់ និងត្រឹមដើមឈើ ស្រាប់តែពេលនោះ អាជ្ញាធរមកបោះបង្គោល រំលោភមកកណ្តាលផ្លូវទៅវិញ ។ ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់សម្តេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ឲ្យពួកគាត់បានរស់ និងកាន់កាប់នៅលើដីនេះ ព្រោះ ពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ ។ ទោះបីមានការតវ៉ារេរាំងយ៉ាងណាអាជ្ញាធរនៅតែបោះបង្គោល ឲ្យបុគ្គលនោះរហូតបានសម្រេច ។
តាមប្រធានភូមិពោងពាយ ឲ្យដឹងថា ដីឡូតិ៍៍ដែលចុះវាស់វែងនោះ ពីមុនមានប្លង់រឹង ត្រឹមដើមឈើ និងត្រឹមរបងចាស់ ហើយដីនៅសល់ជាដីផ្លូវពុំមានប្លង់នោះទេ ស្រាប់តែមិនដឹងមូលហេតុអ្វី ស្រាប់តែពេលនេះ ដីដែលទុកពង្រីកផ្លូវនោះ មានប្លង់ជាកម្មសិទ្ធិរបស់បុគ្គលមានអំណាចទៅវិញ ។ ដោយឡែកដីផ្នែកខាងមុខ ពីមុនគាត់អនុញ្ញាតឲ្យសងផ្ទះតែ២ល្វែង នៅសល់ម្ចាស់សុំធ្វើសំយាប បណ្តោះអាសន្ន បើត្រូវពង្រីកផ្លូវរុះរើចេញ តែពេលនេះ បែរជាមានប្លង់កម្មសិទ្ធិដែរ ។
ទាក់ទិនករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ការដែលអាជ្ញាធរចុះវាស់វែងតាមប្លង់កម្មសិទ្ធិដែលប្រជាពលរដ្ឋកាន់កាប់៩ (L MAP) ដោយរក្សាផ្លូវទំហំ១៦ម៉ែត្រ ទៅតាមប្លង់ដែលបានកំណត់រួចហើយ ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅបណ្តោយខាងត្បូងផ្លូវ គឺគាត់កំពុងស្នាក់នៅលើផ្លូវ១៩៧២តែម្តង ។ លោកអភិបាល ក៏បានបន្តទៀតថា ផ្លូវនេះទំហំ១៦ម៉ែត្រ ដែលការិយាល័យភូមិបាល ជាអ្នកជំនាញទៅបោះបង្គោលតាមប្លង់ ។ ដូចនេះការបោះបង្គោលនេះ មិនបានបំពានទៅលើផ្លូវនោះទេ ។
បន្ទាប់ពីមានការបោះបង្គោល អាជ្ញាធរ និងតំណាងម្ចាស់ដីឡូតិ៍ បន្តនាំគ្នាយកដែកទៅហ៊ុមព័ទ្ធទៀត តែត្រូវប្រជាពលរដ្ឋរារាំង។ ប្រជាពលរដ្ឋ ក៏បានសំណូលពរ ឲ្យមានការដោះស្រាយ ៕ ដោយ ៖ រចនា