ភ្នំពេញ ៖ សម្តេច ហេង សំរិន បានផ្តាំផ្ញើដល់យុវជនអោយចេះរួមគ្នា ថែរក្សាសមិទ្ធផលសន្តិភាពដែលជាមរតក២ធ្នូ។ មានតែសុខសន្តិភាពទេទើបប្រទេសជាតិ មានឱកាសទទួលបានការអភិវឌ្ឍ ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាព។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមយុវជនដើរ “៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ” នៅឯបរិវេណវិមានអនុស្សាវរីយ៍២ធ្នូ ក្នុងភូមិសាស្ត្រទឹកដីភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នារាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដើម្បីអបអរសាទរខួបទី៤០ឆ្នាំថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមាន លោក ហ៊ុន ម៉ានី ជាប្រធាន បានដឹកនាំយុវជនប្រមាណ៨៤៥នាក់ ចូលរួមព្រឹត្តិការណ៍ “៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ” ក្នុងគោលបំណង សិក្សាស្វែងយល់ពីការតស៊ូដ៏លំបាកពីអតីតកាលរបស់វីរជន ស្នេហាជាតិជំនាន់មុន ដែលបានតស៊ូរំដោះ និងកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ព្រឹត្តិការណ៍នេះ បានធ្វើឡើងពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដោយត្រូវធ្វើដំណើរកាត់ព្រៃ ឆ្លងទឹក និងសម្រាកក្នុងព្រៃមួយយប់ មុននឹងមកជួបជុំគ្នា នៅវិមានអនុស្សាវរីយ៍២ធ្នូ កន្លែងដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសំណេះសំណាល និងរៀបរាប់ពីដំណើរតស៊ូរបស់សម្តេច និងឥស្សរជនស្នេហាជាតិផ្សេងៗទៀតក្នុងបុព្វហេតុប្រជាជន និងប្រទេសជាតិ។
សម្តេចបានជម្រាបក្រុមយុវជនថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានបង្កើតឡើងនៅលើទឹកដីជាប្រវត្តិ សាស្ត្រ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ កន្លែងនេះហើយ គឺជាមូលដ្ឋានដំបូងនៃការប្រកាសជាឱឡារិកចំពោះមតិជាតិ-អន្តរជាតិ ពីការប្រមូលផ្តុំកម្លាំងមហាជន និងការចូលរួមពីគ្រប់កម្លាំងចលនាតស៊ូ ដើម្បីបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ១៩៧៨ ។
សម្តេចបានសង្កត់ធ្ងន់ថា យុវជនសម័យសម្តេចវេទនាណាស់ គឺបានហែឆ្លងការលំបាកជាច្រើន ដោយត្រូវតស៊ូប្រយុទ្ធប្រឆាំងនឹងពួកអាណានិគម ឆ្លងកាត់សង្គ្រាមសម័យលន់ណុល និងតស៊ូប្រមូលកម្លាំងមហាជន ដើម្បីផ្តួលរំលំរបបប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
សម្តេចពញាចក្រីបានគូសបញ្ជាក់ថា យុវជនសម័យសម្តេច បានឆ្លងកាត់ការទម្លាក់គ្រាប់បែកពីអាកាស គ្រាប់រថក្រោះ និងគ្រាប់បែកគ្រប់ធន់ ដោយជីវិតយុវជនសម័យនោះត្រូវផ្សងគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់វិនាទី។ បើមិនមានឆន្ទៈខ្ពស់បំផុតដើម្បីប្រជាជន និងប្រទេសជាតិទេ គឺមិនអាចចូលរួមចលនាតស៊ូបាននោះឡើយ។
សម្តេចប្រធានស្ថាបនិក២ធ្នូ បានគូសបញ្ជាក់ថា ការតស៊ូរំដោះប្រទេសជាតិជាការលំបាក ការកសាងអភិវឌ្ឍន៍ ប្រទេសជាតិពីបាតដៃទទេកាន់តែលំបាក ដូច្នេះសូមយុវជនជំនាន់ក្រោយរួមគ្នាថែរក្សាសមិទ្ធិផលដែលកម្ពុជាទទួល បានដោយលំបាកនេះអោយបានគង់វង្សរហូតទៅ ។
២ធ្នូឆ្នាំ១៩៧៨ ២ធ្នូឆ្នាំ២០១៨ ជាខួប៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្ស២ធ្នូ។ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខួបទី៤០នឹងមានប្រារព្ធមិទ្ទីញមហាជនដ៏ធំនៅវិមានអនុស្សាវរីយ៍២ធ្នូ នាស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ខាងមុខនេះ៕ ដោយ ៖ កូឡាប