ខេត្តពោធិ៍សាត់ ៖ បុរសពីរនាក់ដែលស្រវឹងស្រាជោកជាំបានជិះម៉ូតូ ចេញពីកន្លែងផឹកស៊ី មកបុកអធិការរងស្រុកក្រវាញម្នាក់ បណ្ដាល ឲ្យរបួស ពេលដឹកនាំកម្លាំង ដាក់បារាស់ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងម៉ូតូដែលមានស៊ីម៉ាំងឭខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំណុច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកក្រវាញ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្កមានឈ្មោះ ញូ អូន ភេទប្រុស អាយុ ៣៦ ឆ្នាំ មករកស៊ីអារឈើ ស្នាក់នៅភូមិឃុំខាងលើ បានជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊ីមាំងឮសំឡេងខ្លាំង និងរួមដំណើរម្នាក់ទៀតរត់គេចខ្លួន បើកបរពីលិចទៅកើត ដោយល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ហើយមិនប្រកាន់ស្តាំ បានបុកសមត្ថកិច្ចឈ្មោះ ឃឹម ប៊ុនថង ភេទប្រុស អាយុ ៤៥ ឆ្នាំ ឋាន:រងផ្នែកសណ្តាប់ធ្នាប់ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ដែលកំពុងឈរត្រួតពិនិត្យនៅលើដងផ្លូវ បណ្តាលឲ្យរងរបួសរលាត់ជង្គង់ខាងឆ្វេង ហើយជនសង្ស័យបានវាយមកលើសមត្ថកិច្ច ។
សមត្ថកិច្ចបានចាប់ជនសង្យ័យ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រវាញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ