កុមារា ធុច សាឡិក អាយុ ១៤ ឆ្នាំ ជាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសស្រីដទៃៗទៀត លក់ដូរវត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទតាព្រហ្ម បានធ្វើឲ្យកក្រើកខ្លាំងតែម្តងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលជាច្រើនថ្ងៃកន្លងទៅនេះ បន្ទាប់ពីវីដេអូមួយបង្ហាញរូបគេបានបញ្ចេញសមត្ថភាពដ៏ពូកែអស្ចារ្យ អាចនិយាយភាសាបរទេសបានរហូតដល់ជាង ១៥ ភាសា ដែលត្រូវបានបង្ហោះដំបូងដោយស្ត្រីទេសចរជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានមកលេងនៅលើទឹកដីអង្គរយើង កាលពីខែមុននេះ ។
ភាពល្បីល្បាញរបស់ក្មេងប្រុសរូបនេះ បានធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងខ្លាំងដល់សប្បុរសជនជាតិជាច្រើននៅក្នុងស្រុក ពិសេសថ្នាក់ដឹកនាំប្រទេសរបស់យើងដែលមានសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចាប់អារម្មណ៍ និងបានចាត់មន្ត្រីក្រោមឱវាទផ្តល់ការឧត្ថម្ភសម្រាប់ការសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ចៅប្រុសដ៏ឆ្លាតរូបនេះផងដែរ ។
តាមរយៈការសន្យាផ្តល់ជូនការសិក្សាទាំងស្រុងនេះ ពីសប្បុរសជនដែលមានចិត្តអាណិតស្រលាញ់ ក៏ដូចជាលោកឧកញ៉ាវ័យក្មេងចិត្តធម៌ ឌួង ឆាយ ផងនោះ ឥឡូវនេះ កុមារា ធុច សាឡិក បានផ្លាស់ប្តូរការសិក្សាពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញហើយ ។ ជាក់ស្តែងកាលពីព្រឹកមិញនេះ ដែលជាថ្ងៃចូលរៀនដំបូងរបស់រូបគេនៅឯសាលា ប៊ែល ធី (សាខាពោធិចិនតុង) សាឡិក បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងម្តងទៀត ស្ថិតនៅមុខបន្ទប់ទទួលចុះឈ្មោះចូលរៀន នៅពេលដែលមានកុមារាតូចៗយ៉ាងច្រើន នាំគ្នាប្រជ្រៀតគ្នាយ៉ាងជ្រួលច្របល់ប្រៀបដូចទឹកចង់បាក់ទំនប់អីចឹង ព្រោះតែពួកគេម្នាក់ៗចង់សម្តែងការស្វាគមន៍ សាឡិក យ៉ាងខ្លាំងនោះ ។
ស្ថិតក្នុងស្ថានភាពដ៏ពុំនឹកស្មានបែបនេះ រីសិបសិនីសម្នាក់ បាននិយាយនៅក្នុងវីដេអូឃ្លីបពោរពេញដោយក្តីរំភើបថា «វ៉ាវ! បើយ៉ាងនេះ ប្រាកដជាខ្យល់ចាប់មិនខានទេ មើលទៅ ព្រះអើយ រំភើបណាស់» ៕ ដោយ៖ ចន្ទី