ខេត្តព្រះសីហនុ ៖ លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា ក្នុងចំណោមរថយន្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍បុកកំពិតបែកបាក់ ហើយត្រូវបានយកមករក្សារទុកនៅមុខអធិការដ្ឋាននគរបាលស្រុក ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្ទូច ដឹកយកទៅរក្សារទុកនៅទីតាំងផ្សេង។
លោក ហួ យ៉ៃ ឱ្យដឹងបន្តថា រថយន្តបុកប៉ះខាងលើ គឺត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំជើងគោ ដែលជាទីតាំង មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ មិនប៉ះពាល់ដល់អារម្មណ៍មហាជន។
លោក ហួ យ៉ៃ ឱ្យដឹងដូច្នេះ រួចបន្តថា បន្ទាប់ពីយករថយន្តចេញ ទីតាំងខាងលើនេះ ត្រូវបានកម្លាំងអធិការ ដឹកនាំដោយ លោកផ្ទាល់ បានសម្អាតទីតាំងនោះ ដើម្បីសោភ័ណ្ឌភាពតាមផ្លូង សោភ័ណ្ឌភាពទីធ្លាមុខអធិការដ្ឋាន។ ជាងនេះទៀត សោភ័ណ្ឌភាព ប្រជុំជនសួនច្បាររង្វង់មូល ដែលមានពលរដ្ឋមកអង្គុយលំហែរ ហាត់ប្រាណ និងជាចំណុចដែលមានការចរាចរណ៍ឆ្លងកាត់ច្រើន ។
លោក ហួ យ៉ៃ បន្តថា សកម្មភាពនេះ មានការសារទរពីមហាជន ព្រោះទាំងនេះ ជាផលប្រយោជន៍រួម នៅក្នុងតំបន់ ស្របជាមួយការអភិវឌ្ឈន៍ជាក់ស្តែង ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត តាមរយៈអាជ្ញាធរមូលដ្ឋាន៕ ដោយ៖ ដែន សីមា