ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា មានយុវជនមួយក្រុម បានប្រើអំពើហិង្សាវាយជនជាតិចិន ឱ្យមានរបួសធ្ងន់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២ និង ៣០នាទីយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលកំពុងជិះម៉ូតូ នៅចំណុចក្រោយកាស៊ីណូ យ៉ាឌួលី ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពីបទប្រើហឹង្សាវាយជនជាតិចិន។
លោកស្នងការបញ្ជាក់ថា មូលហេតុដែលក្រុមជនសង្ស័យ វាយជនជាតិចិនព្រោះ ជនសង្ស័យគឺជាក្រុមញៀនថ្នាំ ហើយពួកគេខឹងនឹងជនជាតិចិន នៅពេលដែលពួកគេជិះម៉ូតូតាមផ្លូវ ជនជាតិចិនចូលចិត្តដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរឱ្យជៀស មិនព្រមជៀស បែរជាស្រែកលឺៗ ទើបពួកគេខឹងហើយក៏វាយទៅលើជនជាតិចិនទាំងនោះតែម្តងទៅ។
សមត្ថកិច្ចនគរបាលឱ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់៖
១-ឈ្មោះ ម៉ៃ ពិគា ហៅ គា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
២-ឈ្មោះ ធី រ៉ាវៀត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ អ្នកក្រឡុកស្រានៅស៊ីហ៊ូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
៣-ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
– កាំប៉ិតបុ័ងតោ២ដើម
– កាំប៉ិតច្នៃ១ដើម
– ដែកទីប១ដើម
– ញញួរដែក១ដើម
– ទូរស័ព្ទដៃ៤គ្រឿង (ម៉ាក សាមសុង ពណ៌ស , ម៉ាក mi ពណ៌ ស-ខ្មៅ , ម៉ាក WIKO ពណ៌ខ្មៅ-ទឹកមាស និងម៉ាក អិនចុចពិល)។
– ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៨១៩៦៨៥៧។
– ម៉ូតូ១គ្រឿង ម៉ាកស្មាស់រិវូ ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ១៤៧៤០៤។សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឱ្យដឹងថា ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ៖ ដែន សីមា