ហាងកាហ្វេមួយមានឈ្មោះថា «Dawn ver.β» ដែលបម្រើដោយបុគ្គលិកសុទ្ធតែ Robot ដែលត្រូវបានបញ្ជាផ្ទាល់ដោយជនពិការ ត្រូវបានបើកដំណើរការហើយនៅក្នុងទីក្រុង Tokyo កាលពីថ្ងៃទី២៦ វិច្ឆិកា ។
មនុស្ស ១០ នាក់ ដែលស្ថិតក្នុងស្ថានភាពជាមួយជំងឺដូចជា ALS និង រងរបួសខួរឆ្អឹងខ្នង បច្ចុប្បន្ននេះ ត្រូវបានជួលបម្រើការងារឲ្យហាង Dawn, នេះបើយោងតាម Sankei ។
ចាប់ពីផ្ទះ នោះពួកគេដំណើរការ OriHime-D មនុស្សយន្តមានប្រវែង ១២០ សង់ទីម៉ែត្រ ដែលអាចធ្វើការទំនាក់ទំនង, ចលនា និងគ្រប់គ្រងរបស់របរជាច្រើនផ្សេងទៀត ។
ស្ថិតនៅពីក្រោយ OriHime-D នោះគឺ Ory ជាក្រុមហ៊ុនដំបូងនៅជប៉ុន បានអភិវឌ្ឍមនុស្សយន្តសម្រាប់ជនពិការ ។
នៅក្នុងវីដេអូ បុរសពិការម្នាក់ត្រូវបានឃើញ «វាយ» ពាក្យបញ្ជាតាមរយៈភ្នែករបស់គាត់ ។
OriHime-D ក៏អាចត្រូវបានប្រើប្រាស់ដោយមនុស្សដែលជាប់ពាក់ព័ន្ធនៅក្នុងកន្លែងថែទាំកុមារ, ថែទាំទារក ឬ សកម្មភាពដទៃៗផ្សេងទៀត ដែលរារាំងពួកគេពីការចាកចេញពីផ្ទះ ឬ ទីតាំងជាក់លាក់មួយ ។
Ory បានកត់សម្គាល់ថា៖ «សូម្បីអ្នកដែលពុំអាចចេញទៅខាងក្រៅធ្វើការងារតាមរយៈដូចនេះ ក៏មានតួនាទីនៅក្នុងសង្គមផងដែរ» ។
ហាងកាហ្វេនេះ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Akasaka ទីក្រុង Tokyo ប្រទេសជប៉ុន គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយរវាងក្រុមហ៊ុន Ory, All Nippon Airways (ANA), Nippon Foundation និង Avatar Robotic Consultative Association (ARCA) ។
សម្រាប់ថ្លៃឈ្នួលសេវ៉ាកម្មរបស់ពួកគេ នោះអ្នកប្រតិបត្តិការម្នាក់ នឹងត្រូវបានផ្តល់ជូន 1,000 yen (៨.៨០ ដុល្លារ) ក្នុង១ម៉ោង ដែលជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ការងារក្រៅម៉ោង នៅក្នុងប្រទេសជប៉ុន ៕ ដោយ៖ ចន្ទី (ប្រភព៖ nextshark)