Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់កហើយ! ក្មេងប្រុសម្នាក់ ដុតផាវបោះចូលលូ បណ្តាលឲ្យផ្ទុះកក្រើក រថយន្តហើរប៉ើង ចុះទម្រាំមនុស្សវិញមិនដឹងយ៉ាងណាទៅ!

ក្នុងឱកាសបុណ្យចូលឆ្នាំចិន ការដុតផាវ គឺជាសកម្មភាពប្រពៃណីដ៏ពេញនិយមមួយ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះច្រើនតែកើតមានជាមួយនឹងហានិភ័យនៃការផ្ទុះ ប្រសិនបើមិនមានការត្រួតពិនិត្យ និងគ្រប់គ្រងដោយប្រុងប្រយ័ត្ន ជាពិសេសនៅពេលមានការចូលរួមពីកុមារ ឬ ក្មេងៗដែលមិនទាន់យល់ពីគ្រោះថ្នាក់ នៃការបាញ់កាំជ្រួច តែងតែលេងជាមួយ ដែលជាហេតុនាំឲ្យកើតមានឧបទ្ទវហេតុនឹកស្មានមិនដល់។

ជាក់ស្តែង ហេតុការណ៍ដ៏រន្ធត់មួយ នៅទីក្រុងស៊ីឈួន ប្រទេសចិន ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានកើតឡើង គឺនៅពេលដែលក្មេងប្រុសថ្នាក់ទី២ម្នាក់ បានបោះផាវចូលទៅក្នុងលូ បណ្តាលឱ្យឧស្ម័នមេតាននៅខាងក្នុងផ្ទុះ ធ្វើឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​ក្បែរ​នោះ​ ​ក្រឡាប់​​ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ជាមួយស្ថានភាពដ៏ភ័យ​ស្លន់ស្លោនេះផងដែរ ភ្លាមៗ​នោះ ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ហើយ​នាំ​ខ្លួន​ក្មេង​ប្រុស​នោះ យកទៅធ្វើការ​សាកសួរ ។ សំណាង​ល្អ​ ដែលមិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន ឧបទ្ទវហេតុនេះបានកើតឡើងនៅចំណតរថយន្តរបស់ក្រុមហ៊ុនផ្លូវដែកចិន នៅលើផ្លូវ Chuanlanbeng ស្រុក Shizhong ក្រុង Naijiang ខេត្ត Sichuan ។ ចំណត​នេះ​ពោរពេញ​ទៅ​ដោយ​រថយន្ត​ទំនើបៗ ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ ​ដើម្បី​អបអរ​ពិធីបុណ្យ​និទាឃរដូវ។

វីដេអូ CCTV ពីហាងក្បែរនោះ បង្ហាញថា មុនពេលមានការផ្ទុះ ក្មេងប្រុសថ្នាក់ទី ២ បានអង្គុយនៅចន្លោះរថយន្ត ហើយបានដុតផាវ ហើយបោះវាទៅក្នុងលូ មុនពេលរត់គេចខ្លួន។

ក្នុងរយៈពេលតិចជាង ៥ វិនាទី ការផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើង ធ្វើឱ្យគម្របបង្ហូរចេញ ខ្ចាត់ខ្ចាយថ្ម និងដីគ្រប់ទីកន្លែង។ រថយន្ត​ Lincoln SUV មួយ​គ្រឿង​ដែល​ចត​នៅ​ក្បែរ​លូ ​បាន​ក្រឡាប់​ផ្ងារជើង។ ខណៈកញ្ចក់ចំហៀងនៃរថយន្ត Audi A8 នៅក្បែរនោះ ក៏ត្រូវបានបែកខ្ទេចខ្ទីផងដែរ ។ រីឯរថយន្ត​ Lexus រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ដោយបែក​កញ្ចក់​ខាង​ក្រោយ​ទាំង​អស់។

ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មិន​តិច​ទេ ដោយគ្រាន់តែតម្លៃ​ជួសជុល​រថយន្ត​រាប់​សែន​យន់។ លើសពីនេះ ផ្លូវ និងប្រព័ន្ធលូ ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ តាម​ការ​ប៉ាន់​ស្មាន​ នោះតម្លៃ​សរុប​នៃ​ការ​ជួស​ជុល​អាច​ឡើង​ដល់​ជិត ១ លាន​យន់។

ជាមួយហេតុការណ៍ដែលជាមេរៀនមួយនេះ ក៏សូមមាតាបិតាត្រូវយល់ដឹងថា ការអនុញ្ញាតឲ្យកុមារ កូនៗ ទៅប៉ះពាល់ឬលេងនឹងផាវ ឬវត្ថុដែលអាចផ្ទុះបាន គឺមិនមែនគ្រាន់តែជាការសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ទាំងកុមារ និងមនុស្សជុំវិញខ្លួន។ ព្រោះកុមារមិនទាន់ដឹងច្បាស់អំពីគ្រោះថ្នាក់នោះទេ ដូច្នេះហើយ វាជាកាតព្វកិច្ចរបស់មនុស្សពេញវ័យ ក្នុងការបង្រៀនកូនៗរបស់ពួកគេអំពីគ្រោះថ្នាក់នេះ៕

×