បុរសជនជាតិឥណ្ឌូនេស៊ីវ័យក្មេងម្នាក់ ដែលបានប្រើប្រាស់ឯកសណ្ឋានមន្ត្រីគយ និងកាំភ្លើងជ័រ ដើម្បីក្លែងធ្វើជាមន្ត្រីប៉ូលីសដ៏ហំហានម្នាក់ ដើម្បីទាក់ស្រីៗចេញដើរឡើងគ្រែជាមួយ ថ្មីៗនេះ ត្រូវបានចាប់ខ្លួនដោយមន្ត្រីប៉ូលីសពិតហើយ និងកំពុងរង់ចាំតែថ្ងៃឡើងតុលាការប៉ុណ្ណោះ ។
ប៉ូលីសបានឲ្យដឹងថា បុរសកំហូចឈ្មោះ Ari Septian Pratama អាយុ ២១ ឆ្នាំ មកពីទីក្រុង South Sumatran ខេត្ត Palembang ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា បានធ្វើពុតជាមន្ត្រីម្នាក់អស់រយៈពេល១ខែមកហើយ មុនពេលរូបគេត្រូវបានចាប់ខ្លួននៅពេលនេះ ។
បុរសរូបនេះ បានសារភាពបានប្រើប្រាស់ឈ្មោះក្លែងក្លាយ «Dr. Julian Saputra» និងបានពាក់ស្លៀកឯកសណ្ឋានប៉ូលីសជាប់ខ្លួន ។ ដើម្បីធ្វើឲ្យមានជំនឿកាន់តែខ្លាំង Pratama ក៏បានបំពាក់បន្ថែមនូវកាំភ្លើងជ័រខ្លីសៀតជាប់នឹងចង្កេះផងដែរ និងសូម្បីដើរប្រាប់គេឯងថា រូបគេគឺជាកូនប្រុសរបស់មេប៉ូលីសប្រចាំតំបន់ម្នាក់នៅ Southeast Sulawesi ហើយថា រូបគេគឺជាដុកទ័រប៉ូលីសផ្នែកខាងនិតិក្រមទៀតផង ។ ប៉ុន្តែ ធាតុពិតនោះ គឺបុរសកំហូចនេះបានបោកបញ្ឆោតរាល់រឿងទាំងអស់នេះ គឺក្នុងបំណងតែមួយគត់ ដើម្បីទាក់ទាញស្រីៗ ហើយល្បូងពួកគេដើរលេងធ្វើជាសង្សារជាមួយប៉ុណ្ណោះ ។
Ari បានបន្តសារភាពថា៖ «ខ្ញុំបានសន្យាជាមួយស្រីៗដែលបានណាត់ជួបយ៉ាងច្រើនថា ខ្ញុំនឹងរៀបការជាមួយពួកគេ ។ ប៉ុន្តែ និយាយឲ្យស្មោះត្រង់ទៅ គឺខ្ញុំអត់មានលុយចូលស្តីដណ្តឹងពួកគេនោះទេ ប៉ុន្តែ ភាគច្រើនក្នុងចំណោមពួកនាង គឺបានដេកនៅជាមួយរួចហើយ ។ ក្នុងនោះ នារីមួយចំនួនសូម្បីបានភ្ជាប់ពាក្យរួចហើយទៀតផង» ។
ទីបំផុត Ari ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ នៅឯមន្ទីរពេទ្យមួយស្ថិតក្នុង Palembang បន្ទាប់ពីម្នាក់ក្នុងចំណោមនារីរងគ្រោះទាំងនោះដែលរូបគេបានណាត់ជួប មានការសង្ស័យ និងបានសួរនាំជាមួយប៉ូលីសពិត ដើម្បីចង់ដឹងថាតើមានមន្ត្រីម្នាក់ឈ្មោះ Dr. Julian Saputra បម្រើការងារនៅទីនោះ ។ បន្ទាប់បានដឹងរឿងរ៉ាវរបស់នារីម្នាក់នោះ ពួកគេក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតភ្លាមៗ ដើម្បីស្វែងរកដុកទ័រប៉ូលីសក្លែងក្លាយនេះ ។ មិនយូរប៉ុន្មាន ពួកគេក៏បានរកឃើញ Ari ខណៈកំពុងពាក់ឯកសណ្ឋានក្លែងក្លាយដូចដែលនាងបានប្រាប់មែន ៕ ដោយ៖ ចន្ទី (ប្រភព៖ odditycentral)