Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យស្លុតចិត្ត! បញ្ចេញស្ថានភាពចុងក្រោយរបស់ «សាន់ឆាយ» ​បន្ទាប់មកដល់​ប្រទេស​ជប៉ុន ៤ ថ្ងៃ​ មុនពេលនាងទទួលមរណភាព

ករណីដ៏គួរឲ្យស្លុតចិត្តរបស់ Barbie Hsu ឬហៅ​ថា សាន់ឆាយ តួឯកស្រីដ៏ល្បីក្នុងរឿង F4 មកពីតៃវ៉ាន់ ដែលបានស្លាប់នៅអាយុ ៤៨ ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺរលាកសួតរយៈពេលដ៏ខ្លី ដោយសារជំងឺគ្រុនផ្តាសាយ ខណៈធ្វើដំណើរទៅប្រទេសជប៉ុនជាមួយគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំចិន បង្កជាទុក្ខសោកសង្រេងយ៉ាងខ្លាំង ដល់អ្នកគាំទ្រ និងបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ។

តែដោយឡែក ថ្មីៗនេះ (ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥) គេហទំព័រ CTi News របស់កោះតៃវ៉ាន់ បានបញ្ចេញរូបថតដ៏ចាប់អារម្មណ៍ខ្លាំងមួយ ដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិត ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអះអាងថា បានថតបង្ហាញមុខជាសាធារណៈចុងក្រោយរបស់ Barbie Hsu ខណៈពេលដែលនាងនៅប្រទេសជប៉ុន ពោលគឺរយៈពេល ៤ ថ្ងៃ មុនពេលនាងស្លាប់។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់ បានបង្ហោះនៅលើវេទិកា Xiaohongshu ដោយអះអាងថា ជាអ្នកបើកបរដែលបានទៅដឹក Barbie Hsu និងក្រុមគ្រួសាររបស់នាង បន្ទាប់ពីថ្ងៃដំបូងរបស់ពួកគេនៅក្នុងប្រទេសជប៉ុន នៅម៉ោងប្រហែល 3:00 រសៀល នៅថ្ងៃទី២៩ ខែមករា ហើយបាននាំពួកគេទៅសណ្ឋាគារមួយនៅ Hakone ខេត្ត Kanagawa ។

រូបថត​បង្ហាញ​ពី​នារី​ម្នាក់​ដែល​មាន​មុខ​មាត់​ដូច Barbie Hsu មើល​ទៅ​មិន​ស្រួលខ្លាំង ដោយ​បិទ​ភ្នែក ហើយ​រោម​ចិញ្ចើម​ក៏​ជ្រួញ។ នាង​កំពុងផ្តេកក្បាលលើ​ស្មា​បុរស​ដែល​នៅ​ក្បែរ​នាង ដែល​គេ​យល់​ថា​ជា DJ Koo ឬ Koo Jun-Yup ជា​ប្តី​របស់​នាង។

តែទោះជាយ៉ាងណា បន្ទាប់ពីពិនិត្យមើលគណនី Xiaohongshu ខាងលើ ឃើញថា រូបដើមត្រូវបានលុបចេញ ដូច្នេះប្រភពនៃរូបភាពមិនអាចបញ្ជាក់បានឡើយ។ លើសពីនេះ ថ្វីត្បិតតែអ្នកនៅក្នុងរូបភាពមើលទៅដូច ដា ស និងស្វាមីក៏ដោយ ក៏គេមិនអាចបញ្ជាក់បានថាជាពួកគេទាំងពីរនាក់ដែរនោះទេ និងថាតើរូបភាពនេះ គឺជាដំណើរកម្សាន្តចុងក្រោយនៅប្រទេសជប៉ុន ឬយ៉ាងណា។

ទន្ទឹនឹងនោះ ក៏ត្រូវបានគេរាយការណ៍ថា គ្រួសាររបស់ Barbie Hsu បានជួលមគ្គុទ្ទេសក៍និយាយភាសាចិន ដើម្បីដឹកនាំដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។ កន្លងមក មានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន បានបង្ហោះការសន្ទនាជាមួយមគ្គុទ្ទេសក៍ ដែលអះអាងថាធ្វើការឱ្យគ្រួសាររបស់ Barbie Hsu និងបានបង្ហើបថា Barbie Hsu ចាប់ផ្តើមក្អក និងដកដង្ហើមគួរឲ្យបារម្ភ នៅថ្ងៃទី២៩ ខែមករា។ ពួកគេបានមកដល់ Hakone នៅយប់នោះ ហើយនាងមិនបានចាកចេញពីបន្ទប់របស់នាងទេ នៅថ្ងៃទី៣០ និង ៣១ ។ ប៉ុន្តែ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ Barbie Hsu ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ។

នៅថ្ងៃទី១ ខែកុម្ភៈ Seo Hee-won ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានគ្រុនផ្តាសាយ នៅមន្ទីរពេទ្យក្នុងស្រុក ហើយត្រូវបានចេញវេជ្ជបញ្ជា ប៉ុន្តែមិនបានទទួលការព្យាបាលបន្ថែមទៀតទេ មុនពេលត្រឡប់ទៅសណ្ឋាគារវិញ។ លុះដល់ពាក់កណ្តាលអធ្រាត្រយប់នោះ នាងបានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ តែជា​អកុសល ​នាង​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃ​ទី​២ កុម្ភៈ ។

Jia Yongjie ដែលជាមិត្តជិតស្និទ្ធរបស់ Barbie Hsu បានបង្ហោះនៅលើ Facebook ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាស្រីរូបនេះ និងបានចែករំលែកនូវវេលាដ៏ក្រៀមក្រំ នៅពេលដែលស្វាមីរបស់ Barbie Hsu បានថើបភរិយារបស់គាត់ បន្ទាប់ពីនាងបានលាចាកលោកជារៀងរហូត។ បន្ទាប់មក នាងក៏បានសរសេររៀបរាប់ថា «ពេលដឹងដំណឹងនេះភ្លាម ខ្ញុំបានប្រញាប់ទៅរកអ្នក ខ្ញុំឃើញអ្នកស្ងប់ស្ងាត់ និងស្រស់ស្អាតដូចពេលគេង។ ប៉ុន្តែសម្រស់ដែលកំពុងដេកនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ យើងនៅតែសោកសៅ ប៉ុន្តែហាក់ដូចជាយើងគ្មានជម្រើសអ្វីក្រៅពីឱ្យនាងទៅ។ ខ្ញុំស្រក់ទឹកភ្នែក និងសោកសៅយ៉ាងខ្លាំងដែលមិនអាចបរិយាយបាន។ បងប្រុស Koo Jun Yup ថើបអ្នកស្រឡាញ់អស់ពីចិត្ត ហើយយើងទាំងអស់គ្នា នឹងនៅតែចងចាំអ្នករហូត»៕

×