ខេត្តស្វាយរៀង ៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ស្វាយរៀងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ បាននាំយកនូវអំណោយមួយចំនួនដែលជាការឧបត្ថម្ភពីសំណាក់ សប្បុរសជនជប៉ុន យកទៅចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាជប់ព្រីងរួមនិងលោកមេឃុំ ក្រុមប្រឹក្សាឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
លោក ទីវ សុភា បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីជួយសម្រាលដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សានាពេលបច្ចុប្បន្ននោះតាមរយៈមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងសប្បុរជននានានៅប្រទេសជប៉ុនបានឧបត្ថម្ភនូវសំភារសិក្សាមួយចំនួនមានសៀវភៅ ប៊ិច និងថវិកាមួយចំនួន មកចែកជូនប្អូនៗក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាជប់ព្រីង នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ហើយពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់លោក លោកស្រីជា មេឃុំ ក្រុមប្រឹក្សា មេភូមិ និងអ្នកដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
លោកប្រធានមន្ទីរបានមានប្រសាសន៏បន្តទៀតថា ៖ អំណោយដែរចែកជូននាពេលនេះរួមមាន ៖
ទី១- សិស្សានុសិស្សសរុប ២១០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ៣ក្បាល ប៊ិច ២ដើម និងថវិកា ១.០០០រៀល ។
ទី២- លោកគ្រូអ្នកគ្រូសរុប ៧នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ៥ក្បាល ប៊ិច ៥ដើម សៀវភៅកត់ត្រា ១ក្បាល និងថវិកា ២០.០០០រៀល ។
ទី៣- ក្រុមប្រឹក្សាឃុំសរុប ៧នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ប៊ិច ថវិកាចំនួន២០.០០០រៀលផងដែរ ។
សូមបញ្ចាក់ផងដែរថា ៖ អំណោយដែរបានចែកជូនដល់ប្អូនៗក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាជប់ព្រីង នេះគឺ ប៊ិច សៀវភៅ បានមកពីសប្បុរសជនជប៉ុន ហើយថវិកាទាំងអស់ដែរចំណាយបានមកពី លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង៕ ដោយ ៖ វ៉ៃគោ