ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល បានពិនិត្យជនបរទេស សរុបចំនួន១៧នាក់(ស្រី៣នាក់) មាន០៣សញ្ជាតិ៖ជនជាតិម៉ាឡេស៊ី ចំនួន១នាក់ ប្រុស ប្រើប្រាស់Visa EG, ជនជាតិវៀតណាម ចំនួន១នាក់ ប្រុស ប្រើប្រាស់Visa ET, ជនជាតិចិន ចំនួន១៥នាក់ (ស្រី៣នាក់) មានលិខិតឆ្លងដែន១០ក្បាល និងបណ្ណ័ការងារ៥ក្បាល។
ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន មានការដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡា បញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិ បរទេស ស្ថិតនៅផ្ទះលេខE9-E10 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាលទ្ធផលពិនិត្យឃើញ ៖ ជនបរទេស សរុបចំនួន១៧នាក់ (ស្រី៣នាក់) មាន៣សញ្ជាតិ៖ ជនជាតិម៉ាឡេស៊ី ចំនួន១នាក់ ប្រុស ប្រើប្រាស់Visa EG ជនជាតិវៀតណាម ចំនួន០១នាក់ ប្រុស ប្រើប្រាស់Visa ET ជនជាតិចិន ចំនួន១៥នាក់ (ស្រី៣នាក់) មានលិខិតឆ្លងដែន១០ក្បាល និងបណ្ណ័ការងារ៥ក្បាល។
ក្រោយពីធ្វើការពិនិត្យរួចក្រុមការងារបានឃាត់ខ្លួន ជនជាតិចិន ចំនួន៥នាក់ (ស្រី៣នាក់) គ្មានលិខិតឆ្លងដែន ជាប់នឹងខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ